(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៩៤២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៦៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៣៥១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២៦៥,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ១២,៦៣១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០៩៧,៣១៧នាក់។ គិតត្រឹមចុងខែសីហាកន្លងទៅនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៣១.៨លានដូស ក្នុងនោះប្រជាជន ៧.៧៨លាននាក់ ឬស្មើនឹង ១១.២% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕