Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកនឹងគិតគូរផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនអាហ្វហ្កានីស្ថាន តែមិនមែនរដ្ឋាភិបាលតាលីបង់នោះឡើយ

04-09-2021 09:11

(វ៉ាស៊ីនតោន)៖ សភានៃសហរដ្ឋអាមេរិកនឹងពិភាក្សា អំពីការផ្តល់ជំនួយទៅកាន់អង្គការសហប្រជាជាតិ (UN) និងទីភ្នាក់ងារទាំងឡាយរបស់ខ្លួន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនអាហ្វហ្កានីស្ថាន ប៉ុន្តែជំនួយនេះនឹងមិនមែនត្រូវផ្តល់ តាមរយៈរដ្ឋាភិបាលដែលដឹកនាំ ដោយក្រុមតាលីបង់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកធ្លាប់ជាម្ចាស់ជំនួយដ៏ធំបំផុត សម្រាប់អាហ្វហ្កានីស្ថាន គិតចាប់តាំងពីការលុកលុយប្រទេសនេះ កាលពីឆ្នាំ២០០១ ដែលអាមេរិកបានផ្តួលរំលំក្រុមតាលីបង់ពីអំណាច។ កន្លងមកនេះ ទឹកប្រាក់សរុប ១៣០ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់សន្តិសុខ អភិបាលកិច្ច ការអភិវឌ្ឍ និងជំនួយមនុស្សធម៌ចាំបាច់នានា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមមន្ត្រីនៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភាទាំងពីរនៅអាមេរិក ជំនួយមនុស្សធម៌សម្រាប់អាហ្វហ្កានីស្ថាន ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះ នឹងមានគោលដៅជួយដល់ ជនជាតិអាហ្វហ្កានីស្ថានដែលរត់ភៀសខ្លួន ប៉ុន្តែមិនមែនទៅដល់រដ្ឋាភិបាលតាលីបង់ ដោយផ្ទាល់នោះឡើយ សម្រាប់ស្ថានការណ៍ពេលនេះ។

តាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា វានឹងពិបាកណាស់ក្នុងការបញ្ចុះបញ្ចូល ឲ្យក្រុមសមាជិកសភាអនុម័តការផ្តល់ជំនួយ ប្រសិនបើជំនួយទាំងនោះ នឹងត្រូវធ្លាក់លើដៃក្រុមតាលីបង់ ហើយសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ក៏នឹងគ្មានថ្ងៃយល់ព្រមនោះដែរ។ យ៉ាងណាក៏ដោយ ការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារ UN នានា គឺជាជម្រើសល្អបំផុត ដែលសមាជិកសភាអាមេរិកទាំងឡាយ អាចគិតគូរយ៉ាងលម្អិតអំពីខ្ទង់ចំណាយ៕