(បាងកក)៖ មនុស្សរាប់ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅតាមដងផ្លូវកណ្តាលរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ចុះចេញពីតំណែង ហើយបាននិយាយថា ពួកគេនឹងត្រឡប់មកវិញជារៀងរាល់ថ្ងៃ រហូតដល់លោកព្រមចុះចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ការធ្វើបាតុកម្មតវ៉ាខាងលើ គឺជាការប្រមូលផ្ដុំគ្នាដ៏ធំបំផុតមួយ នៅឆ្នាំ២០២១នេះ ហើយវាត្រូវបានរៀបចំឡើង បើទោះបីជាមានការព្រមាន ពីប៉ូលិសក៏ដោយថា ខណៈសកម្មភាពធ្វើបាតុកម្មតវ៉ានានា ត្រូវបានហាមឃាត់ ដោយសារតែវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។

ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោក Prayut ទទួលបានសន្ទុះខ្លាំង ចាប់តាំងពីចុងខែមិថុនា កន្លងទៅ ខណៈក្រុមបាតុករដែលតវ៉ាទាមទាមឱ្យមានការដកតំណែងរបស់លោក កាលពីឆ្នាំមុន បានត្រឡប់មកវិញ ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនដែលខឹងសម្បា ដោយសារតែស្ថានការណ៍ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ កាន់តែអាក្រក់ទៅៗ។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មតវ៉ានេះ ក៏បានកើតឡើង ចំពេលដែលលោក Prayut កំពុងប្រឈមមុខនឹងការសួរនាំ នៅក្នុងការជជែកដេញដោលគ្នាមួយនៅសភាជាតិ ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ គណបក្សប្រឆាំង បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីចំនួន ០៥ រូបផ្សេងទៀតពីបទអំពើពុករលួយ, ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងការឆ្លើយតបទៅវិបត្តិ COVID-19 មិនបានល្អ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីរបស់លោក បានច្រានចោលការចោទប្រកាន់នេះ៕