(ញូយ៉ក)៖ អភិបាលក្រុងញូយ៉ក លោក បៀល ដេ ប្លាស៉ីអូ (Bill de Blasio) បានប្រកាសដាក់ទីក្រុងលោក ក្នុងគ្រាអាសន្ននៅយប់ថ្ងៃពុធសប្ដាហ៍នេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងទីក្រុង ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងស្ថានភាពគ្រោះថ្នាក់នៅតាមដងផ្លូវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។
ខ្សែរថភ្លើងក្រោមដី ស្ទើរតែទាំងអស់នៅទីក្រុងញូយ៉ក ត្រូវបានផ្អាកដំណើរការ នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ ដោយសារតែចំហាយនៃព្យុះត្រូពិក Ida បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងការគំរាមកំហែងនៃគ្រោះទឹកជំនន់ និងព្យុះថូណាដូ (Tornado) ដល់ផ្នែកខ្លះនៃភាគខាងជើងបណ្ដារដ្ឋ ដែលស្ថិតនៅចន្លោះភាគឦសាន្ត និងភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
លោក Bill de Blasio បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ថា រថយន្តដែលមិនមានការចាំបាច់ក្នុងការធ្វើដំណើរទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមដងផ្លូវ ក្នុងទីក្រុងញូយ៉ករហូតដល់ម៉ោង០៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។
លោក Bill de Blasio បានអំពាវនាវឱ្យប្រជាជនកុំចេញទៅខាងក្រៅ ដោយនិយាយថា «សូមកុំធ្វើដំណើរនៅតាមផ្លូវនៅយប់នេះ ហើយទុកឱ្យអាជ្ញាធរ និងសេវាកម្មសង្គ្រោះបន្ទាន់របស់យើង បញ្ចប់ការងាររបស់ពួកគេ។ ប្រសិនបើអ្នកកំពុងគិតចង់ចេញទៅខាងក្រៅ សូមកុំទៅអី ប្រសិនបើគ្មានការចាំបាច់។ កុំបើកបរចេញទៅក្រៅក្នុងស្ថានភាពភ្លៀងធ្លាក់ខ្លាំងបែបនេះ។ សូមស្នាក់នៅក្នុងផ្ទះរបស់អ្នក ដើម្បីរក្សាសុវត្ថភាព»។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ ការប្រកាសអាសន្នពីទឹកជន់ចំនួន៥ ត្រូវបានប្រកាសនៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ ដោយអាជ្ញាធរឧតុនិយមអាមេរិក ដែលសម្រាប់តំបន់ចាប់ពីភាគខាងលិចទីក្រុង ហ្វីឡាដេផ្យា (Philadelphia) រដ្ឋភេនស៉ីលវេនា (Pennsylvania) ដល់ភាគខាងជើងរដ្ឋញូជើស៉ី (New Jersey)៕