(កាប៊ុល)៖ ការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងក្រុមតាលីបង់ និងចលនាតស៊ូប្រឆាំងតាលីបង់មានមូលដ្ឋាននៅឯតំបន់ជ្រលងភ្នំប៉ាន់សៀរ (Panjshir) នៃខេត្ត Panjshir ប្រទេសអាហ្វហ្កានីស្ថាន បានចាប់ផ្ដើមផ្ទុះឡើងហើយ បន្ទាប់ពីកិច្ចចរចារវាងភាគីទាំង២ ដោះស្រាយការខ្វែងគំនិតគ្នាទទួលបរាជ័យ។ ចលនាតស៊ូប្រឆាំងតាលីបង់ បានអះអាងថាក្រុមអ្នកប្រយុទ្ធតាលីបង់ ១៥០នាក់ត្រូវបានសម្លាប់, ២០០នាក់រងរបួស និង៣៥នាក់ត្រូវបានចាប់ខ្លួន ហើយក្បួនរថយន្ដចំនួន ២ និងអាវុធធុនធ្ងន់ចំនួន២ ក៏ត្រូវបានបំផ្លាញផងដែរ។
ប៉ុន្តែ ក្រុមមន្ត្រីតាលីបង់ លោក មហាំម៉ាត់ ចាឡាល់ (Muhammad Jalal) បានឱ្យដឹងនៅលើ Twitter ថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានវាយដណ្ដើមកាន់កាប់តំបន់សំខាន់ៗ ជាច្រើនកន្លែងនៃជ្រលងភ្នំប៉ាន់សៀរ។ ក្រោយការដួលរលំរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាមក អាហ្វហ្កានីស្ថានបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងសាជាថ្មីរបស់ ក្រុមតាលីបង់ តែពួកគេមិនទាន់អាចគ្រប់ទឹកដីបានទាំងស្រុងនៅឡើយទេ ដោយនៅសល់ខេត្ត Panjshir តែមួយគត់ដែលនៅតែមិនព្រមចុះញម។
Panjshir គឺជាខេត្តមួយស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងកាប៊ុល ហើយក្នុងខេត្តមួយនេះមានមូលដ្ឋានដ៏រ៉ឹងមាំមួយរបស់ចលនាតស៊ូប្រឆាំងតាលីបង់ នោះគឺតំបន់ជ្រលងភ្នំ Panjshir ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក អះម៉ាត់ ម៉ាស់ស៊ូដ (Ahmad Massoud) ជាកូនប្រុសនៃអតីតវីរៈបុរសចលនាប្រឆាំងតាលីបង់
លោក អះម៉ាត់ សាស់ ម៉ាស់ស៊ូដ (Ahmad Shah Massoud) ដែលត្រូវបានក្រុមអាល់កៃដាលួចធ្វើឃាតកាលពីខែកញ្ញា ឆ្នាំ២០០១។ ក្រៅតែលោក Massoud អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អំារុល សាឡេះ (Amrullah Saleh) ក៏បានចូលរួមនៅក្នុងចលនាប្រឆាំងនឹងក្រុមតាលីបង់នេះដែរ ហើយថែមទាំងបាន
ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នទៀតផង។ ត្រឡប់ទៅរកអតីតកាលពីឆ្នាំ២០០១ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ចលនា
វិភាគអន្តរជាតិ៖ តើចលនាតស៊ូ Panjshir អាចផ្ដួលរំលំរបបតាលីបង់សាជាថ្មី បានឬទេ?
តស៊ូក្នុងតំបន់ជ្រលងភ្នំ Panjshir ដែលគេស្គាល់ថា «បក្សសម្ព័ន្ធភាគខាងជើង» ហើយ ដែលបច្ចុប្បន្នមានឈ្មោះថ្មីថា «រណសិរ្សតស៊ូជាតិអាហ្វហ្កានីស្ថាន» បានវាយផ្ដួលរំលំរបបដឹកនាំតាលីបង់នៅពេលនោះ។ តែ២០មុន និង២០ឆ្នាំក្រោយ ត្រូវបានអ្នកជំនាញ ខ្លះដូចជា លោក អាស់ហ្វាន់យ៉ា មៀរ (Asfandyar Mir) ជាអ្នកវិភាគលើតំបន់អាស៊ីខាងត្បូងមកពីសាកលវិទ្យាល័យ Stanford យល់ថាវាមិនដូចគ្នាទេ ដ្បិតតាលីបង់សព្វថ្ងៃ ត្រូវបានគេមើលឃើញថាមានអំណាច និងឥទ្ធិពលខ្លាំងជាងកាលពីឆ្នាំ២០០១។ បើតាមលោក Asfandyar ចលតស៊ូប្រឆាំងតាលីបង់កំពុងគ្រប់គ្រងតំបន់ជាច្រើននៅទូទាំង ខេត្ត Panjshir តែមិនមែនមានន័យថាគ្រប់តំបន់ទាំងនេះសុទ្ធតែមានការប្ដេជ្ញាចិត្តតស៊ូពេញទំហឹងប្រឆាំងតាលីបង់ ដូចជាចលនាតស៊ូក្នុងតំបន់ជ្រលងភ្នំ Panjshir នោះឡើយ។
យល់ឃើញស្រដៀងគ្នាទៅនឹងលោក Asfandyar ដែរ លោក អ៉ីប្រាហ៊ីម បាហ៊ីស (Ibraheem Bahiss) ជាអ្នកជំនាញម្នាក់មកពីអង្គការ International Crisis Group បាននិយាយថាបច្ចុប្បន្ន ក្រុមតាលីបង់បានបង្កើតមូលដ្ឋានយ៉ាងរឹងមាំនៅទូទាំងខេត្តភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន ស្របពេលចលនាតស៊ូនៅតំបន់ជ្រលងភ្នំ Panjshir មិនមានសព្វាវុធគ្រប់គ្រាន់ដើម្បីតតាំងរយៈពេលវែងជាមួយសត្រូវដ៏ធំដូចជាតាលីបង់នោះទេ។ បើតាមប្រភពពីចារកម្មអាមេរិកដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ក្រុមតាលីបង់បានរឹបអូសបរិក្ខាយោធាជាច្រើនសន្ធឹកសន្ធាប់ ដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងរថពាសដែក ច្រើនជាង ២,០០០គ្រឿង និងយន្ដហោះរួមទាំងឧទ្ធម្ភាគចក្រ ៤០គ្រឿង។
លោក Massoud ផ្ទាល់ក៏ធ្លាប់បានទទួលស្គាល់ដែរថាកងកម្លាំងយោធារបស់លោកមិនមានបរិក្ខាយោធាគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងតាលីបង់នោះទេ លុះត្រាតែ សហរដ្ឋអាមេរិក និងលោកខាងលិចយល់ព្រមផ្ដល់អាវុធ និងជំនួយនានាដល់ពួកគេ។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើសហរដ្ឋអាមេរិកបានទាក់ទង ទៅកាន់លោក Massoud ឬ Saleh ដែរឬទេ? ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបអ្វីនោះទេ ខណៈទាំងអាមេរិក រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចសុទ្ធតែកំពុង រង់ចាំមើលដូចគ្នាថាតើស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់នឹងទៅជាយ៉ាងណា?
យ៉ាងណាក៏ដោយ អ្វីដែលគេអាចដឹងបាននោះគឺនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាន បញ្ជាក់ថាវាដល់ពេលហើយដែលសហរដ្ឋអាមេរិកត្រូវបិទបញ្ចប់ និងបញ្ឈប់ការចូលរួមក្នុងសង្រ្គាមរុំារ៉ៃដូចជានៅអាហ្វហ្កានីស្ថាន។ ក្នុងអត្ថន័យនេះមើលទៅ អាមេរិកទំនងជា នឹងមិនលូកដៃជួយក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់ក្នុងពេលភ្លាមៗនោះទេ ដ្បិតនៅពេលនេះទោះជាមិនបានទទួលស្គាល់ក្រុមតាលីបង់ក៏ដោយ តែគេមើលឃើញថាទាំង អាមេរិក និងសម្ព័ន្ធមិត្តបានទទួលស្គាល់ការពិតមួយ នោះគឺអាហ្វហ្កានីស្ថានកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ ហើយទោះចង់ ឬមិនចង់ទៅថ្ងៃក្រោយ ពួកគេ អាចនឹងត្រូវធ្វើការជាមួយក្រុមតាលីបង់ ដើម្បីកម្ចាត់ក្រុមភេរវករ ដូចជាពួក ISIS-K ដែលជាសត្រូវរួមរបស់អាមេរិក និងតាលីបង់។
ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បាននិយាយថា វាអាចទៅរួចថាសហរដ្ឋអាមេរិកអាចនឹងត្រូវសហការជាមួយក្រុមតាលីបង់ នៅពេលអនាគត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងប្រទេសអាហ្វហា្កនីស្ថាន។ «យើងមិន អាចដឹងឡើយថាអនាគតរបស់ក្រុមតាលីបង់នឹងទៅជាយ៉ាងណា...ប៉ុន្តែខ្ញុំអាចប្រាប់អ្នកដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនបានថាពួកគេធ្លាប់ជាក្រុមដ៏ឃោរឃៅកាលពី
អតីតកាល ហើយថាតើពួកគេនឹងផ្លាស់ប្ដូរដែរឬយ៉ាងណា មានតែត្រូវរង់ចាំមើលសិន»។ នេះជាការគូសបញ្ជាក់របស់លោក Mark Milley។
ម្យ៉ាងវិញទៀត ក្រៅតែពីជម្រើសយោធា តាលីបង់មានសន្លឹកបៀរដ៏សំខាន់មួយក្នុងដៃ នោះគឺការបង្កើតរដ្ឋាភិបាលថ្មី ដែលបានឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយ អាចនឹងត្រូវបានប្រកាសជាផ្លូវការឆាប់ៗនេះ។ ពិតមែនទៅ ជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី វាអាចនឹងកំណត់ពីជោគវាសនារបស់តាលីបង់ផង និងក្រុមចលនាប្រឆាំង តាលីបង់ផង។ ពីព្រោះថាប្រសិនបើតាលីបង់អាចបង្កើតរដ្ឋាភិបាលមួយដែលមានភាពចម្រុះមានសមាសភាពចូលរួមដូចជាអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai និងលោក Abdullah Abdullah ដែលជាដៃគូអតីតរដ្ឋាភិបាលចម្រុះអាហ្វហ្កានីស្ថានរបស់លោក អាសា្រហ្វ ហា្កនីតាមការសន្យាមែន នោះវាអាចនឹងជួយកាត់ផ្ដាច់
ការគាំទ្របានមួយភាគធំ ចំពោះចលនាតស៊ូប្រឆាំងតាលីបង់ រីឯអាមេរិក ឬលោកខាងលិចក៏អាចនឹងមើលលើតាលីបង់ ធ្ងន់ជាងចលនាតស៊ូនេះផងដែរ។
តែផ្ទុយទៅវិញបើតាលីបង់ ធ្វើទុក្ខបុកម្នេញលើអតីតមន្ត្រីអាហ្វហ្កានីស្ថាន នោះចលនាប្រឆាំងតាលីបង់អាចនឹងប្រមូលបានគាំទ្រកាន់តែច្រើនតាមហ្នឹងដែរ។ ដូច្នេះអំណេះ តទៅ អ្វីៗត្រូវមើលលើថាតើតាលីបង់ខ្លួនឯងអាចគោរពតាមពាក្យសន្យារបស់ខ្លួនបាន ដែរឬទេ។
គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បានសន្យាថានឹងគោរពសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី ហើយចង់មានទំនាក់ទំនងការទូតដ៏ល្អជាមួយ ប្រទេសដទៃនៅជុំវិញពិភពលោក។ ពាក្យសន្យានេះបានបង្កភាពភ្ញាក់ផ្អើលដល់បណ្ដាប្រទេសលោកខាងលិច តែពួកគេនៅតែមិនទាន់ជឿជាក់លើក្រុមតាលីបង់នោះទេ ដោយចង់ឃើញការអនុវត្តសកម្មភាពជាក់ស្ដែង ជាជាងនិយាយឱ្យរួចតែពីមាត់ មុននឹងពួកគេត្រូវសម្រេចចិត្តថាតើត្រូវសហការ ឬទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬក៏យ៉ាងណា៕
ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១)