(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សង្គ្រាម២០ឆ្នាំរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ដោយសោកនាដកម្ម ហើយទីក្រុងវ៉ាស៊ីនតោនមិនទទួលបានអ្វីសោះពីសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ដោយបន្ថែមថា ការប៉ុនប៉ងរបស់កងទ័ពអាមេរិកក្នុងការចាក់ឬសនៅអាហ្វហ្គានីស្ថាន គឺគ្មានប្រយោជន៍ទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-arabiya នៅយប់ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
ថ្លែងនៅឯកិច្ចប្រជុំមួយជាមួយសិស្សសាលានៅទីក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី ដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មី លោក ពូទីន បាននិយាយថា «កងទ័ពអាមេរិកមានវត្តមាននៅលើទឹកដីនោះ (អាហ្វហ្គានីស្ថាន) អស់រយៈពេល២០ឆ្នាំ ហើយក្នុងរយៈពេល២០ឆ្នាំនេះ ពួកគេព្យាយាមកំណត់បទដ្ឋាន និងស្តង់ដារនៃការរស់នៅរបស់ពួកគេទៅលើប្រជាជនក្នុងតំបន់ រួមទាំងអង្គការនយោបាយផងដែរ»។
លោក ពូទីន បានសង្កត់ធ្ងន់ថា «លទ្ធផលតែមួយគត់គឺថាអ្នកដែលធ្វើបែបនេះ គឺសហរដ្ឋអាមេរិកជាពិសេសអ្នកដែលរស់នៅលើទឹកដីអាហ្វហ្គានីស្ថាន ទទួលរងនូវសោកនាដកម្មនិងការបាត់បង់។ នេះគឺជាលទ្ធផលសូន្យ បើមិនរាប់ថាអវិជ្ជមានទេនោះ»៕