(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ទោះបីយោធាអាមេរិកបានដកខ្លួនចេញពីអាហ្វហ្គានីស្ថានក៏ដោយ ក៏ការសម្លាប់រង្គាលជនស៊ីវិលដោយយោធាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងសង្គ្រាម២០ ឆ្នាំនេះ ត្រូវតែស៊ើបអង្កេតឲ្យបានហ្មត់ចត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំនួរអំពីការសម្លាប់ជនស៊ីវិលនាពេលថ្មីៗនេះ ដោយកងទ័ពអាមេរិកក្នុងអំឡុងពេលដកទ័ពចេញពីអាហ្វហ្គានីស្ថាន។
យោងតាមរបាយការណ៍កាលថ្ងៃទី២៦ ខែសីហាកន្លងទៅ ការវាយប្រហារភេរវកម្មនៅជិតព្រលានយន្តហោះទីក្រុងកាប៊ុល បណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរបួស។ ជនរងគ្រោះខ្លះបានអះអាងថា ក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាត យោធាអាមេរិកបានបាញ់តម្រង់ទៅហ្វូងមនុស្ស ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
របាយការណ៍ក៏បាននិយាយផងដែរថា នៅថ្ងៃទី២៩ ខែសីហាយោធាអាមេរិកនៅអាហ្វហ្គានីស្ថានបានប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារអគារលំនៅដ្ឋានមួយនៅទីក្រុងកាប៊ុល ដោយផ្អែកលើសកម្មភាពប្រឆាំងភេរវកម្មដែលបានសម្លាប់ជនស៊ីវិល១០ នាក់ក្នុងនោះក៏មានក្មេងអាយុតែ២ឆ្នាំផងដែរ។
លោក Wang បាននិយាយថា ចិនកត់សំគាល់របាយការណ៍ទាំងនេះ។ លោកគូសបញ្ជាក់ថា ជនស៊ីលវិលនៅអាហ្វហ្គានីស្ថានជាច្រើននាក់ បានស្លាប់ក្រោមស្នាដៃដោយយោធាអាមេរិក ដែលបានកើតឡើងជាញឹកញាប់។ ឧទាហរណ៍នៅឆ្នាំ២០០២ ការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក បានវាយប្រហារពិធីជប់លៀងមង្គលការមួយនៅខេត្ត Uruzgan ន បណ្តាលឱ្យមនុស្សស្លាប់រាប់សិបនាក់ និងរបួសជាង១០០នាក់ និងករណីផ្សេងៗទៀត៕