(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃពុធនេះបាននិយាយថាកងទ័ពចិនមានសមត្ថភាពបញ្ឈប់ដំណើរការនៃប្រព័ន្ធការពារដែនអាកាសរបស់តៃវ៉ាន់ ហើយថែមទាំងអាចតាមដានរាល់សកម្មភាពនៅជុំវិញដែនកោះមួយនេះទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងការពារជាតិតៃវ៉ាន់ ធ្វើការសន្និដ្ឋានបែបនេះនៅក្នុងរបាយការណ៍ប្រចាំរបស់ខ្លួនស្ដីពីយោធាចិន ដាក់ជូនសភាជាតិ។ របាយការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ចិនអាចវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងបណ្ដាញអ៉ិនធើណិតសកលលោក ដែលនេះអាចឱ្យពួកគេបញ្ឈប់ដំណើរការ ឬធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់យើង ជាប់គាំង ហើយនេះនឹងក្លាយជាការគំរាមកំហែងដ៏ធំសម្រាប់ពួកយើង»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ ចិនបានអភិវឌ្ឍសមត្ថភាពស៊ើបការណ៍សម្ងាត់យ៉ាងឆាប់រហ័សតាមរយៈប្រព័ន្ធផ្កាយរណប Beidou ដែលចិនប្រើដើម្បី បង្កើតប្រព័ន្ធ GPS ផ្ទាល់ខ្លួន ទប់ទល់ជាមួយសហរដ្ឋអាមេរិក។ នេះមានន័យថា ទីក្រុងប៉េកាំងអាចតាមដាន ឬឃ្លាំមើលរាល់សកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ដោយមាន ជំនួយពីយន្ដហោះស៊ើបការណ៍, យន្ដហោះដ្រូន, និងនាវាស៊ើបការណ៍សម្ងាត់ជាដើម៕