Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ច្រានចោលការយល់ខុសមួយចំនួន ជុំវិញទំនាក់ទំនងចិន-អាមេរិក

01-09-2021 16:29

(វ៉ាស៉ីនតោន)៖ អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈិន ហ្គេង (Qin Gang) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានច្រានចោលការយល់ខុសមួយចំនួន ចំពោះទំនាក់ទំនងចិន-អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក Qin បានថ្លែងដូច្នេះថា «មនុស្សមួយចំនួនយល់ថា ចិនមានគោលដៅប្រជែងយកឈ្នះសហរដ្ឋអាមេរិក។ វាជាការយល់ខុសដ៏ធំមួយ ចំពោះគោលបំណងយុទ្ធសាស្រ្តរបស់ចិន។ ចិនមិនដែលគិតថា យកការឈ្នះសហរដ្ឋអាមេរិក ធ្វើជាគោលដៅរបស់ខ្លួនឡើយ ហើយយើងក៏មិនធ្លាប់មានមហិច្ឆតា ចង់ប្រកួតប្រជែង និងផ្តួលសហរដ្ឋអាមេរិក ឬមួយក៏ស្វែងរកការគ្រប់គ្រងពិភពលោកនោះដែរ»

បើតាមលោក Qin មានមតិខ្លះទៀតយល់ឃើញថា អាមេរិកត្រូវតែតទល់ជាមួយចិន ដូចជាសម័យសហភាពសូវៀត។ ឆ្លើយតបចំពោះការយល់ឃើញបែបនេះ លោកឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា «ចិនមិនមែនជាអតីតសហភាពសូវៀតទេ។ ប្រព័ន្ធសង្គមនិយមចិន កាន់តែរីកចម្រើនឡើងៗ ខណៈប្រទេសជាតិទទួលបាន ការអភិវឌ្ឍសេដ្ឋកិច្ចល្អ សង្គមមានស្ថិរភាព ហើយប្រជាជនមានទទួលបាន ជីវភាពរស់នៅយ៉ាងប្រសើរ»

បន្ថែមពីនេះ លោក Qin បានបន្តថា «មនុស្សមួយចំនួនទៀតយល់ថា កិច្ចសហប្រតិបត្តិការកំពុងត្រូវលុបបំបាត់ ដោយសារការប្រកួតប្រជែង និងការប្រឈមមុខគ្នា។ នេះគឺជាការយល់ខុសយ៉ាងខ្លាំងមួយទៀត ចំពោះអនាគតនៃទំនាក់ទំនងចិន-អាមេរិក។ តាមពិតទៅ តម្រូវការនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនមែនកំពុងថយចុះឡើយ តែកំពុងកើនឡើង។ ប្រទេសយើងទាំងពីរ មិនគួរធ្វើជាសត្រូវគ្នាទេ តែគួធ្វើជាដៃគូគ្នាវិញ»

គួរបញ្ជាក់ថា ក្នុងនាមជាអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Qin បានប្តេជ្ញាលើកកម្ពស់ការទំនាកទំនង និងកិច្ចសន្ទនាជាមួយវិស័យជាច្រើន របស់សហរដ្ឋអាមេរិក ហើយនឹងដើរតួជាស្ពាន និងការតភ្ជាប់រវាងប្រទេសទាំងពីរ ព្រមទាំងខិតខំព្យាយាមកសាងទំនាក់ទំនងចិន-អាមេរិក ដែលមានស្ថិរភាព និងប្រកបដោយការស្ថាបនាជាងមុន៕