(ស៉ីដនី)៖ រដ្ឋវិចតូរៀ (Victoria) ដែលមានប្រជាជនរស់នៅច្រើនបំផុតលំដាប់លេខ២ នៅប្រទេសអូស្រ្តាលី នឹងបន្តអនុវត្តវិធានការបិទខ្ទប់របស់ខ្លួនបន្ថែមទៀត ខណៈករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ប្រចាំថ្ងៃរបស់រដ្ឋនេះ កំពុងមានការកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋ Victoria នៅថ្ងៃពុធនេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១២០ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីៗចំនួន ០២នាក់បន្ថែមទៀតផងដែរ។ ជុំវិញបញ្ហានេះ អភិបាលរដ្ឋ Victoria លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារតែចំនួនករណីឆ្លងក្នុងសហគមន៍ប្រចាំថ្ងៃ បានកើនឡើងយ៉ាងគំហុកនៅទូទាំងរដ្ឋ វិធានការបិទខ្ទប់របស់រដ្ឋ នឹងត្រូវអូសបន្លាយតទៀត»។
លោក Daniel Andrews បាននិយាយបន្ថែមថា «រដ្ឋ Victoria មិនទាន់អាចមានលទ្ធភាពបើកឡើងវិញ ហើយទុកឱ្យជំងឺនេះឆ្លងរីករាលដាលដោយសេរីនោះទេ។ ប្រព័ន្ធសុខាភិបាលរបស់យើង ច្បាស់ជានឹងត្រូវដួលរលំ។ បុគ្គលិកជួរមុខរបស់យើង នឹងត្រូវទទួលសម្ពាធយ៉ាងខ្លាំង ហើយប្រជាជនរបស់យើង នឹងត្រូវស្លាប់។ យើងត្រូវបន្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ រហូតដល់ពួកយើងកាន់តែច្រើនថែមទៀត បានទទួលការចាក់វ៉ាក់សាំង»។
លោក Andrews បានសង្កត់ធ្ងន់ថា ស្ទើរតែទាំងអស់នៃវិធានការរឹតត្បឹតនាពេលបច្ចុប្បន្ន នឹងនៅតែបន្តអនុវត្តរហូតដល់ ៧០ភាគរយនៃប្រជាជននៅរដ្ឋ Victoria បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចសម្រេចបាននៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ វ៉ាក់សាំងជាង ២.៤លានដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងរដ្ឋ Victoria ខណៈប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥៥,០៩០ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ៣៣,៥៧១នាក់៕