(សាន់ឌីហ្គោ)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ MH-60s ជារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្លាក់ទៅក្នុងដែនសមុទ្រនៃទីក្រុង សាន់ ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មន្ត្រីយោធាអាមេរិកបានអះអាង នៅមុននេះបន្តិចថា មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ និង ០៥នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Fox News នារសៀលថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
យោធាអាមេរិកបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រផ្ទុកមនុស្សសរុប ០៦នាក់ខាងលើនេះ បានធ្លាក់ទៅក្នុងដែនសមុទ្រក្បែរទីក្រុង San Diego កាលពីវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃអង្គារ ទី៣១ ខែសីហា (ម៉ោងក្នុងតំបន់) ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីតំបន់ឆ្នេរនៃទីក្រុង ស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិកមួយនេះ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រប្រភេទ MH-60s មួយគ្រឿងដែលបានជួបគ្រោះថ្នាក់នេះ គឺជាកម្មសិទ្ធិរបស់កងនាវាដឹកយន្តហោះចម្បាំងអាមេរិក យូអេសអេស អាប្រាហាំ លីងខិន (USS Abraham Lincoln) មានមូលដ្ឋាននៅទីក្រុង San Diego ផ្ទាល់។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមទៀតឡើយ អំពីជោគវាសនានៃអ្នកបាត់ខ្លួនទាំង ០៥នាក់ និងស្ថានភាពនៃមនុស្សម្នាក់ដែលត្រូវបានសង្គ្រោះ ក៏ដូចជាមូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្រនោះ ធ្លាក់ចូលក្នុងសមុទ្រ៕