(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥៦,០០២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៣២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤០,១១៤,០៩៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៥៧,៩១០នាក់ និងជាសះស្បើយឡើងសរុប ៣១.០២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
វីរុស COVID-19 បំប្លែងខ្លួន Delta នៅតែបន្តឆ្លងរាលដាលយ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងបានធ្វើឱ្យជនជាតិអាមេរិកកាន់តែច្រើន រួមទាំងកុមារផងដែរ ធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកំពុងបង្កឲ្យបញ្ហាជាច្រើន កាន់តែរីកធំឡើងក្នុងសង្គម ជាពិសេសទៅលើសុខុមាលភាពរយៈវែង។ អ្នកជំនាញអាមេរិកបានព្រមានថា បើគ្មានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta នោះទេ អ្វីៗនឹងកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែខាងមុខនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧០លានដូស ក្នុងនោះប្រជាជន ២០៤.៧៤លាននាក់ (៦២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៣.៨៣លាននាក់ (៥៣%) បានទទួលការចាក់គ្រប់ដូស៕