(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញមុខការពារយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ ប្រធានាធិបតីរូបនេះក៏បានប្រាប់ប្រជាជនអាមេរិកផងដែរថា លោកនឹងមិនបញ្ជូនមនុស្សជំនាន់ក្រោយ ឱ្យទៅចូលរួមក្នុងសង្រ្គាមដែលគ្មានទីបញ្ចប់ បែបនេះទៀតឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្ទរកថាមួយ ទៅកាន់ប្រជាជាតិអាមេរិក បន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានដកចេញទាំងអស់ពីអាហ្វហ្កានីស្ថាន ជាការបិទបញ្ចប់សង្រ្គាម ២០ឆ្នាំ របស់អាមេរិកក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោក បៃដិន បានបង្ហាញការទទួលខុសត្រូវ លើការសម្រេចចិត្តរបស់លោក ហើយហៅការដកកងទ័ពអាមេរិកពីអាហ្វហ្កានីស្ថាន គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃ និងដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក បើទោះជារូបលោកបាននិងកំពុងទទួលរង ការរិះគន់យ៉ាងខ្លាំងចំពោះភាពចលាចល ដែលបង្កឡើងដោយការដកទ័ព យ៉ាងតក់ក្រហល់នោះក៏ដោយ។
គួរបញ្ជាក់តាមលោក ចូ បៃដិន ថា ក្នុងសង្រ្គាម ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ២.៣ទ្រីលានដុល្លារ និងពលីជីវិតកងទ័ពច្រើនជាង ២,៤០០នាក់។ ទោះជាយ៉ាងណានៅចុងបញ្ចប់ ក្រុមតាលីបង់នៅតែអាចឡើងកាន់អំណាចសាជាថ្មីដដែល។
កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមតាលីបង់ និងប្រជាជនដែលគាំទ្រតាលីបង់នៅទីក្រុងកាប៊ុល ក៏បានចេញមកដើរតាមដងផ្លូវ និងស្រែកអបអរសាទរចំពោះអ្វីដែលពួកគេហៅថា «សេរីភាព និងជោគជ័យរបស់អាហ្វហ្គានីស្ថាន» ផងដែរ។ ក្រុមតាលីបង់បានដាក់កម្លាំងភ្លាមៗ ឲ្យទៅគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ហើយក៏បានអះអាងផងដែរថា ដំណើរការចរចាបង្កើតរដ្ឋាភិបាលថ្មី កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ៕