(តូក្យូ)៖ នៅថ្ងៃអង្គារនេះ បេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុ របស់សហរដ្ឋអាមេរិក គឺលោក ចន ឃើរី (John Kerry) បានធ្វើដំណើរ ទៅដល់ទីក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីបើកកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) ជុំវិញ កិច្ចសហប្រតិបត្តិការ លើបញ្ហាការនៃបញ្ចេញឧស្ម័នកាបូន និងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៉ីល ជាពិសេសធ្យូងថ្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

លោក Kerry មានតួនាទីដឹកនាំកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ អំពីការគំរាមកំហែង ដែលកាន់តែជាក់ស្តែងឡើងៗនៃបម្រែបម្រួលអាកាសធាតុ ហើយទទូចឲ្យមាការពន្លឿនកិច្ចខិតខំ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ នៅជប៉ុន កិច្ចពិភាក្សាទំនងជានឹងផ្តោតសំខាន់ទៅលើ ការប្រើប្រាស់ធ្យូងថ្មរបស់ប្រទេសនេះ ខណៈវាជាឥន្ធនៈហ្វូស៉ីល ដែលបំពុលបរិយាកាស ខ្លាំងជាងគេបង្អស់។

ជប៉ុនជាសមាជិកក្រុមប្រទេស G7 តែមួយគត់ ដែលពឹងផ្អែកខ្លាំងគួរសមលើប្រភពថាមពលពីធ្យូងថ្ម បន្ទាប់ពីខ្លួនបានចាប់ផ្តើមបិទរ៉េអាក់ទ័រសឹងតែទាំងអស់ ចាប់តាំងពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៉ីម៉ា (Fukushima) កាលពីឆ្នាំ២០១១។ យ៉ាងណាក្តី ជប៉ុនបានបង្កើនគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន នៅក្នុងប្រទេសខ្លួន។

គួរបញ្ជាក់ថា នៅយប់ថ្ងៃអង្គារនេះ លោក John Kerry នឹងបន្តដំណើរទៅកាន់ប្រទេសចិនថែមទៀត ដើម្បីជជែកអំពីប្រធានបទដូចគ្នា ដោយមិនចំណាយពេលយូរ នៅជប៉ុនឡើយ។