(កាប៊ុល)៖ និមិត្តរូបនៃការបិទបញ្ចប់វត្តមានទាហានអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថាន ត្រូវបានបង្ហាញតាមរយៈរូបថតមួយសន្លឹក នៃទាហានអាមេរិកម្នាក់ចុងក្រោយ គឺលោកឧត្តមសេនីយ៍ផ្កាយពីរ គ្រីស្តូហ្វឺ ដូណាហ៊ូ (Christopher Donahue) មេបញ្ជាការនៃកងពលអាកាសទី ៨២ នៃកងទ័ពអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន USA Today នារសៀលថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។
រូបមួយសន្លឹករបស់់លោក Christopher Donahue អាយុ ៥២ឆ្នាំ ដែលបានចូលបម្រើយោធាអាមេរិក តាំងតែពីឆ្នាំ១៩៩២ ត្រូវបានថតនៅអំលុងពាក់កណ្តាលអធ្រាត្រ ជិតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ហើយលោកគឺជាមន្ត្រីយោធាអាមេរិកចុងក្រោយ ដែលបានឈានជើងចេញពីទឹកដីអាហ្វហ្កានីស្ថាន។
លោក Christopher Donahue និងមន្ត្រីយោធាឯទៀត ជាពិសេសគឺឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថានលោក រ៉ូស វីលសុន (Ross Wilson) បានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) នៃទីក្រុងកាប៊ុល ជាមួយយន្តហោះយោធា C-17 កាលពីវេលាម៉ោង ១១៖៥៩នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងកាប៊ុល)៕