(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១៩,៦៤២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៩,៩៤៦,៧០៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៥៦,៣៩៣នាក់ និងជាសះស្បើយឡើងសរុប ៣០.៩៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អត្រាករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក បានកាន់តែខ្ពស់ ដូចការព្យាករណ៍របស់ក្រុមអ្នកជំនាញអាមេរិកហើយ។ ចំពោះមុខការស្ទុះងើបឡើងវិញនៃករណីឆ្លង និងស្លាប់ជាប្រចាំថ្ងៃ សហរដ្ឋអាមេរិកបាននិងកំពុងមើលឃើញ កំណើននៃអ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យ ខណៈក្រុមជំនាញសុខាភិបាលអាមេរិក នៅតែជំរុញឲ្យបង្កើនអត្រាចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦៩លានដូស ក្នុងនោះប្រជាជន ២០៤.៤៣លាននាក់ (៦២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៣.៥២លាននាក់ (៥២.៩%) បានទទួលការចាក់គ្រប់ដូស៕