(កាប៊ុល)៖ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតហើយ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ថា ជនស៊ីវិលមួយគ្រួសារមានគ្នា ០៩នាក់បានស្លាប់ ក្នុងនោះ ០៦នាក់ជាកុមារ ដោយសារតែវាយប្រហារដោយយន្តហោះដ្រូនអាមេរិក ទៅលើរថយន្តបង្កៃគ្រាប់បែក នៅក្នុងទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC។
បើតាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលនៃយោធាអាមេរិក ការវាយប្រហារដោយយន្តហោះដ្រូនខាងលើនេះ គឺសំដៅទៅលើរថយន្តមួយគ្រឿង ដែលមានសមាជិក ISIS ម្នាក់នៅក្នុងនោះ ហើយដែលអាមេរិកបានសង្ស័យថា ជារថយន្តមានដាក់បង្កៃគ្រាប់បែក។ កងទ័ពអាមេរិកបានអះអាងទៀតថា ខ្លួនមិនទាន់ច្បាស់ឡើយថា ជនស៊ីវិលទាំង ០៩នាក់នោះ បានបាត់បង់ជីវិតដោយរបៀបណា។
គួរបញ្ជាក់ថា ព័ត៌មានអំពីជនស៊ីវិលបាត់បង់ជីវិត ដោយសារតែការវាយប្រហារពីសំណាក់ យន្តហោះដ្រូនអាមេរិកនៅទីក្រុងកាប៊ុល ត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ព័ត៌មាន CNN របស់អាមេរិកផ្ទាល់។ ប្រភពដែល CNN ទទួលបាន គឺពីសំណាក់អ្នករស់នៅទីក្រុងកាប៊ុលមួយចំនួន ដោយពីដំបូងពួកគេបានប្រាប់ CNN ថា ក្មេងៗ ០៤នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ហើយក្រោមកទៀតទើបមានការផ្តល់ព័ត៌មានបន្ថែមថា មួយគ្រួសារមានគ្នាសរុប ០៩នាក់ (៦នាក់ជាកុមារ) បានបាត់បង់ជីវិតទាំងអស់។
យ៉ាងណាក៏ដោយ នៅពេលនេះកងទ័ពអាមេរិកត្រឹមតែអាចបញ្ជាក់ថា នៅក្រោយការវាយប្រហារដោយយន្តហោះដ្រូន ចំលើរថយន្តរបស់សមាជិក ISIS ដែលត្រូវបានសង្ស័យថា មានដាក់បង្កៃគ្រាប់បែកនោះ គេក៏បានលឺសំឡេងផ្ទុះដ៏ខ្លាំងក្លា កើតមានឡើងជាបន្តបន្ទាប់ផងដែរ។ កងទ័ពអាមេរិកបានពន្យល់ថា ដោយសារតែក្នុងរថយន្តហោះមានគ្រឿងផ្ទុះ ដូច្នេះទើបក្រោយការវាយប្រហារដោយដ្រូន ការផ្ទុះបានកើតមានឡើងជាបន្តបន្ទាប់ទៀត ហើយក៏អាចមានឱកាសបង្កឲ្យមាន ការបាត់បង់ជីវិតបន្ថែមទៀតដែរ៕