(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកម្នាក់បានឲ្យដឹងថា មានរ៉ុក្កែតចំនួន៥គ្រាប់ ហោះសំដៅទៅរកអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែពួកវាត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារមីស៉ីលរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។
មន្រ្តីអាមេរិកខាងលើ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ថា ការបាញ់គ្រាប់រ៉ុក្កែតទាំងនោះ បានកើតឡើងនាព្រឹកព្រលឹមថ្ងៃចន្ទនេះ គិតតាមពេលវេលានៅទីក្រុងកាប៊ុលផ្ទាល់ ប៉ុន្តែពុំច្បាស់នោះទេថា ពួកវាត្រូវបានប្រព័ន្ធការពារបាញ់ស្ទាក់ ដោយជោគជ័យទាំងអស់ឬយ៉ាងណា។ យ៉ាងណាក្តី យោងតាមរបាយការណ៍បឋម គឺហាក់មិនមានមនុស្សរងគ្រោះថ្នាក់ ក្នុងហេតុការណ៍នេះឡើយ ប៉ុន្តែព័ត៌មាននេះអាចប្រែប្រួល។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិក ទើបតែបានបើកការវាយប្រហារដោយយន្តហោះដ្រូន នៅទីក្រុងកាប៊ុល ដោយមាន គោលដៅលើរថយន្តរបស់ជនបំផ្ទុះគ្រាប់បែក ដែលប៉ុនប៉ងវាយប្រហារជាថ្មីលើព្រលានយន្តហោះកាប៊ុល។ ការវាយប្រហារនោះ ក៏បានបណ្តាលឲ្យជនស៉ីវិលអាហ្វហ្គានីស្ថានមួយចំនួនស្លាប់ផងដែរ រួមមានទាំងកុមារ។
ខណៈនេះ ការគំរាមកំហែងកំពុងបន្តស្ថិតនៅកម្រិតខ្ពស់ ពាក់ព័ន្ធការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើព្រលានយន្តហោះកាប៊ុល ស្របពេលដែលសហរដ្ឋអាមេរិក ស្ថិតនៅដំណាក់កាលចុងក្រោយបំផុត នៃការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោយពីការវាយប្រហារមួយ បានកើតឡើងនៅទីនោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានផ្តាច់ជីវិតជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់ និងកងទ័ពអាមេរិក១៣នាក់៕