(ប៉េកាំង)៖ កាលពីថ្ងៃទី ២៧ ខែសីហា តាមម៉ោងក្នុងតំបន់ ការិយាល័យអគ្គធិការនៃទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិក បានប្រកាសឯកសារវាយតម្លៃមិនមែនការសម្ងាត់ អំពីរបាយការណ៍តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ថា ស្ថាប័នស៊ើបការណ៍នានានៅតែមិនអាចទទួលមតិឯកភាពគ្នារវាង «ទស្សនៈស្តីពីវីរុសបានធា្លយចេញពីបន្ទប់ពិសោធន៍» និង «ទស្សនៈស្តីពីវីរុសមានប្រភពដើមនៅធម្មជាតិ» ដែលជាទស្សនៈសំខាន់ទាំងពីរ អំពីប្រភពដើមនៃវីរុសកូវីដ១៩នៅឡើយទេ។
មិនថារបាយការណ៍នេះ បានប្រកាសពីការសន្និដ្ឋានយ៉ាងណាក៏ដោយ គ្រាន់តែនិយាយចំពោះព្រឹតិ្តការណ៍ ដែលបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ធ្វើការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ តាមជំនាញវិទ្យាសាស្ត្រនោះ ក៏ជារឿងមិនអាចជឿទុកចិត្តបាន។ បើមើលពីប្រវតិ្តសាស្ត្រអាចឃើញថា ក្នុងនាមជាឧបករណ៍សម្រាប់រក្សាអនុត្តរភាពបែបអាមេរិក ស្ថាប័នស៊ើបការណ៍អាមេរិក បានប្រព្រឹត្តិទង្វើអាក្រក់ជាច្រើនដែលរាប់មិនអស់។
ពួកយើងអាចរំលឹកឡើងវិញម្តងទៀតថា៖ តើស្ថាប័នស៊ើបការណ៍អាមេរិក ទទួលបានលទ្ធផលនៃការស៊ើបអង្កេតណាខ្លះ? ហេតុអ្វីបានជាលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលជាកិច្ចការជំនាញរបស់អ្នកវិទ្យាសាស្ត្រ?
ស្ថាប័នស៊ើបការណ៍អាមេរិកធ្លាប់លួចធ្វើឃាត និងរដ្ឋប្រហារនៅតំបន់នានា នៃពិភពលោកទាំងមូល ក៏ដូចជាលួចស្តាប់សកម្មភាពអ្នកដឹកនាំ របស់ប្រទេសសម្ព័ន្ធមិត្ត និងបានផ្តល់ភស្តុតាងក្លែងក្លាយសម្រាប់អាមេរិកបំផុសសង្គ្រាម ប្រវតិ្តសាស្ត្រដ៏អាក្រក់ទាំងនេះសហគមន៍អន្តរជាតិ បានដឹងច្បាស់ជាយូរមកហើយ។ មើលទៅ ស្ថាប័នស៊ើបការណ៍អាមេរិក ហាក់ដូចមានសមត្ថភាពខ្លាំងណាស់ ប៉ុន្តែធាតុពិតរបស់វា គឺជាឧបករណ៍សម្រាប់រក្សាអនុត្តរភាពបែបអាមេរិក ដូច្នេះហើយបានជា វាគ្មានគោលជំហរជាសត្យានុម័ត និងស្មារតីវិទ្យាសាស្ត្រទាល់តែសោះ។
តាមពិតទៅ ការតាមដានរកប្រភពដើមនៃវីរុស១៩ ជាបញ្ហាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់ គោលបំណងនៃការតាមដានរកប្រភពដើម គឺដើម្បីស្វែងយល់ពីតើវីរុសកូវីដ១៩ បានចម្លងពីសត្វទៅមនុស្សតាមរបៀបណា និងបង្ការការរាតត្បាតនៃជំងឺឆ្លងស្រដៀងគ្នា កុំឱ្យកើតឡើងម្តងទៀត។ ប៉ុន្តែលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បែរជាបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ទង្វើបែបនេះ គឺចាត់ទុកកិច្ចការវិទ្យាសាស្ត្រជាការលេងល្បែង។
បើរំពឹងទុកស្ថាប័នបែបនេះអាចផ្តល់របាយការណ៍ស៊ើបអង្កេតមួយច្បាប់ ដែលអាចឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នោះវាហាក់ដូចជាសុំស្បែកពីខ្លា។ សូមមើលៗពួកគេបានធ្វើការស៊ើបអង្កេតណាខ្លះ?។
នៅឆ្នាំ ១៩៦៤ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រគល់របាយការណ៍ស៊ើបអង្កេត ដោយអះអាងថា នាវាចម្បាំងកងទ័ពអាមេរិកពីរគ្រឿង រងការវាយប្រហារពីនាវាបាញ់គ្រាប់បែកបុករបស់កងកម្លាំងវៀតណាមខាងជើង នៅលំហសមុទ្រអន្តរជាតិនៃឈូងសមុទ្រ Bei Bu។ បន្ទាប់មក រដ្ឋសភាអាមេរិកបានអនុម័តលើ «សេចកី្តសម្រេចចិត្តឈូងសមុទ្រតូក្យូ» បានជាសង្គ្រាមវៀតណាមបានផ្ទុះឡើង ដោយគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែទីបំផុត ឯកសារសម្ងាត់ដែលត្រូវបានប្រកាសជាសាធារណៈបានបញ្ជាក់ថា នាយកដ្ឋានសន្តិសុខជាតិអាមេរិក បានផ្តល់ព័ត៌មានក្លែងក្លាយដើម្បីរកបានលេសដ៏ «សមហេតុសមផលបំផុត» សម្រាប់ធ្វើសង្គ្រាមជាមួយវៀតណាម។
នៅឆ្នាំ ២០០៣ លោក Colin Luther Powell រដ្ឋមន្រ្តីការបរទេសអាមេរិកកាលនោះ បានយកចេញបំពង់សាកមួយដែលផ្ទុកម្សៅពណ៌ស នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអះអាងថា វាជាអាវុធគីមីជីវៈដែលស្ថាប័នស៊ើបការណ៍ ទទួលបានពីប្រទេសអ៊ីរ៉ាក់ក្នុងការស៊ើបអង្កេត។ ដូចនេះ កងទ័ពចម្រុះអាមេរិក និងអង់គ្លេសបានធ្វើសង្គ្រាមយ៉ាងងងើលជាមួយអ៊ីរ៉ាក់។ យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្ននេះ អាមេរិកនៅមិនទាន់ផ្តល់ភស្តុតាង ជាក់លាក់ណាមួយសម្រាប់បញ្ជាក់ថា អ៊ីរ៉ាក់បានលាក់ទុកអាវុធប្រល័យលោក ដោយទ្រង់ទ្រាយធំនៅឡើយទេ។ ហេតុនេះហើយបានជា បំពង់សាកដែលផ្ទុក «ម្សៅលាង» នោះបានក្លាយជារបស់ដែលគួរឱ្យអស់សំណើចណាស់ ។
តាមការពិត អ្នកជំនាញខាងវីរុស និងជំងឺឆ្លងធ្វើការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ ជាការងារនឿយហត់យ៉ាងខ្លាំង។ ប៉ុន្តែ ប្រសិនបើបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ នោះវាជារឿងងាយស្រួងណាស់ ពីព្រោះគ្រាន់តែផ្ទុកម្សៅក្នុងបំពង់សាកក៏បានដែរ។
ទោះបីជាលោក ត្រាំ អតីតប្រធានាធិបតីអាមេរិក ដែលឃោសនាបំប៉ោងពីពាក្យសំដីខុសឆ្គងជាប់រហូត បានចុះពីមុខតំណែងក៏ដោយ ក៏ប៉ុន្តែពាក្យសំដីខុសឆ្គងនៅតែផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិកតទៅទៀត។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលអាណត្តិបច្ចុប្បន្ន នៅតែបន្តអនុវត្តយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំអាណតិ្តមុន ពោលគឺ ឃោសនាបំប៉ោង និងរករឿងដោយយកការរីករាលដាល នៃជំងឺឆ្លងធ្វើជាលេស បង្កើនការឃោសនាបំប៉ោងលើ វិស័យទស្សនៈមនោគមវិជ្ជា ក៏ដូចជាបន្តុះបង្អាប់ប្រទេសចិន តាមរយៈការធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្លាយ ជាបញ្ហានយោបាយ និងបំប្លែងឱ្យបញ្ហាវីរុសក្លាយជាបញ្ហាបិទស្លាក។
ពីព្រោះអាមេរិកឃោសនាបំប៉ាងពីពាក្យសំដីខុសឆ្គងដោយចំហ ឬសម្ងាត់ៗដែលលើកឡើងថា ប្រទេសចិនបានសិក្សាស្រាវជ្រាវ និងផលិតវីរុសកូវីដ១៩ ព្រមទាំងបានរីករាលដាលពីប្រទេសចិន ទៅកាន់គ្រប់ទិសទីនៅទូទាំងពិភពលោក នេះមិនត្រឹមតែអាចច្រានចោលទំនួលខុសត្រូវ និងអសមត្ថភាពរបស់អាមេរិកក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក៏អាចប្រឌិតមជ្ឈដ្ឋានមតិ សម្រាប់វាយប្រហារប្រទេសចិនផងដែរ។
នាពេលថ្មីៗកន្លងទៅនេះ អ្នកវិទ្យាសាស្ត្រប្រកបដោយឥទ្ធានុភាពចំនួន ២១រូប ដែលមកពីសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងប្រទេសចិនជាដើម បានរួមគ្នានិពន្ធព្រមទាំងចេញផ្សាយបទអត្ថាធិប្បាយមួយច្បាប់ ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ លើទស្សនាវដ្តី «CELL» របស់អាមេរិក ។ អត្ថបទនេះបានទាត់ចោលពាក្យសំដីខុសឆ្គង ដែលលើកឡើងថា វីរុសកូវីដ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន ដោយបានបង្ហាញថា ពាក្យសំដីខុសឆ្គងអំពីវីរុសកូវីដ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន គ្មានភស្តុតាងវិទ្យាសាស្ត្រទាល់តែសោះ ហើយបានលើកឡើងថា ការចម្លងពីសត្វទៅមនុស្ស ទំនងជាប្រភពដើមនៃវីរុសកូវីដ១៩ យ៉ាងពិតប្រាកដ។ បន្ទាប់ពីអត្ថបទនេះត្រូវបានចុះផ្សាយ អត្ថបទនេះត្រូវចែករំលែកបន្ត និងពិភាក្សាយ៉ាងសកម្ម។
យ៉ាងណាមិញ ទោះបីជាមជ្ឈដ្ឋានវិទ្យាសាស្ត្របានផ្តល់មតិយោបល់ម្តងហើយម្តងទៀតថា វីរុសកូវីដ ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន គឺ «គ្មានភស្តុតាងអ្វីសោះ»។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួនបានសម្រេចចិត្តថា នឹងឱ្យប្រទេសចិនក្លាយជា «អ្នកទទួលទោសជំនួស» ហើយមានការរំពឹងទុកទៅលើស្ថាប័នស៊ើបការណ៍។ ពួកគេសុខចិត្តស្តាប់ពាក្យភូតកុហករបស់អ្នកមិនចេះវិទ្យាសាស្រ្ត ក៏មិនជឿពីការសិក្សាស្រាវជ្រាវអំពីការតាមដាន រកប្រភពដើមនៃវីរុសប្រកបដោយជំនាញ និងសត្យានុម័តនោះឡើយ។ អាចនិយាយថា វាជាការបោកបញ្ឆោតខ្លួនឯង។
បទអត្ថាធិប្បាយមួយចំនួនបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានអាមេរិកមិន ដែលចោទជាមន្ទិលសង្ស័យចំពោះបទបញ្ជា របស់មេដឹកនាំអាមេរិកអាណត្តិបច្ចុប្បន្នទេ ហាក់ដូចជាភាគីពាក់ពា័ន្ធទាំងអស់កំពុងរង់ចាំ ស្ថាប័នស៊ើបការណ៍ផ្តល់ចម្លើយ ដែលពួកគេបានកំណត់ទុកជាមុន។ ពីព្រោះក្នុងគ្រាគន្លឹះ ស្ថាប័នស៊ើបការណ៍បញ្ជេញសំឡេង ដើម្បីផលប្រយោជន៍ជាតិ និងធ្វើការសន្និដ្ឋានដែលអាមេរិកត្រូវការ នេះជាទម្លាប់របស់អាមេរិក។ ការងារស៊ើបអង្កេតរបស់អង្គការ CIA អាមេរិកផ្តោតសំខាន់តែសហការ ជាមួយរដ្ឋាភិបាលអាមេរិកខាងនយោបយ តែមិនមែនធ្វើការដោយឯករាជ្យ និងកិត្យានុភាពនោះទេ។ ឱ្យតែពួកគេសម្រេចបាននូវភារកិច្ចនយោបាយរួចហើយ នោះ ទោះបីជាពាក្យភូតកុហកត្រូវលាតត្រដាងក៏ដោយ ក៏គ្មានអ្នកណាសួរដេញដោល រកអ្នកទទួលខុសត្រូវនោះឡើយ។
ការតាមដានរកប្រភពដើមនៃវីរុស ជាបញ្ហាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់ ត្រូវទុកឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រលើសកលលោក រួមសហការគ្នាធ្វើការសិក្សាស្រាវជ្រាវ ដោយឈរលើមូលដ្ឋានការពិតនិងភស្តុតាងពិត និងធ្វើការសន្និដ្ឋានតាមជំនាញវិទ្យាសាស្ត្រ។
បញ្ហាវិទ្យាសាស្ត្រមិនអនុញ្ញាតឱ្យប្រព្រឹតិ្តទង្វើក្លែងបន្លំ សូម្បីតែបន្តិចបន្តួចនោះឡើយ ហើយក៏មិនត្រូវកំណត់ការសន្និដ្ឋានជាមុនជាដាច់ខាត ក៏ដូចជារំខានការសិក្សាស្រាវជ្រាវផែ្នកវិទ្យាសាស្ត្រ តាមរយៈគោលបំណងនយោបាយនោះទេ។ ការដែលបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ជំនួសឱ្យអ្នកវិទ្យាសាស្ត្រធ្វើការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ វាបានបំពានខ្សែបន្ទាត់ក្រហមបែបវិទ្យាសាស្ត្រ និងយុត្តិធម៌ដែលធ្វើឱ្យមនុស្សមិនយល់ទាល់តែសោះ។
ស្ថានភាពជំងឺឆ្លងនៅតែរីករាលដាលជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាភារកិច្ចបន្ទាន់នាពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិកបញ្ជាដោយចេតនាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ទង្វើនេះបានបំពានគោលការណ៍វិទ្យាសាស្ត្រ ហើយក៏គ្មានភាពជំនឿទុកចិត្តពីសាធារណជននោះឡើយ។ ប្រការទាំងនេះនឹងបន្ថែមស្នាមប្រឡាក់ថ្មី ក្នុងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់អាមេរិក។
នៅចំពោះមុខវិទ្យាសាស្ត្រនិងអ្វីដែលហៅថា «ការណ៍សម្ងាត់» តើលោកអ្នកនឹងជឿអ្នកណា?!៕ (#CCFR Comment#)