(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) បានអះអាងថា កូរ៉េខាងជើងទំនងជាបានចាប់ផ្ដើមដំណើរការ រ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម (plutonium) សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីចុងសប្ដាហ៍មុន ទីភ្នាក់ងារ IAEA បានបញ្ជាក់ទៀតថា ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើងមិនបានដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រ យ៉ុងប្យុន (Yongbyon) នោះទេ។ ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក រ៉េអាក់ទ័រនេះបានបញ្ចេញសកម្មភាព ដែលទំនងជាការផលិតសារធាតុភ្លុយតូញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារ IAEA មិនអាចចូលក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីទីក្រុងព្យុងយ៉ាងបណ្ដេញមន្ត្រីអធិការកិច្ច នៃទីភ្នាក់ងារអន្តរជាតិមួយនេះ ចេញតាំងតែពីឆ្នាំ២០០៩មកម្ល៉េះ។ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា នៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយអាចនឹងដឹកនាំការធ្វើតេស្ដជាថ្មី ក្នុងពេលឆាប់ៗនេះ។ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកចុងក្រោយបំផុត របស់កូរ៉េខាងជើងធ្វើឡើងកាលពី២០១៧៕