Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនអាមេរិក កំពុងសម្រុកទៅរកកន្លែងសុវត្ថិភាព ខណៈព្យុះហឺរីខិនដ៏ខ្លាំងមួយ ត្រៀមបោកបក់លើរដ្ឋ Louisiana

29-08-2021 15:18

(វ៉ាស៉ីនតោន)៖ ប្រជាជនអាមេរិករាប់ពាន់នាក់ កំពុងនាំគ្នាធ្វើដំណើរចាកចេញពីរដ្ឋ Louisiana ស្របពេលដែលព្យុះហឺរីខិនមួយឈ្មោះថា Ida កំពុងឆ្ពោះទៅរករដ្ឋនោះ ពីឈូងសមុទ្រម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

ព្យុះហឺរីខិន Ida បានកើនឡើងថាមពល ក្លាយជាព្យុះហឺរីខិនកម្រិតទី៤ គឺនៅក្រោមកម្រិតខ្ពស់បំផុតតែមួយលេខប៉ុណ្ណោះ ជាមួយកម្លាំងខ្យល់បក់រហូតដល់ជិត ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាត្រូវគេរំពឹងថានឹងបោកបក់ទៅដល់រដ្ឋ Louisiana នៅកំលុងយប់ថ្ងៃអាទិត្យនេះ ឬឈានចូលថ្ងៃចន្ទស្អែក។ ចំណែករដ្ឋ Mississippi ដែលនៅក្បែរខាង ក៏កំពុងត្រៀមខ្លួន សម្រាប់ការទៅដល់នៃព្យុះ Ida ដូចគ្នាដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់អាជ្ញាធរសហព័ន្ធឲ្យផ្តល់ជំនួយដល់រដ្ឋ Louisiana និងរដ្ឋ Mississippi។ ព្យុះហឺរីខិន Ida ទើបតែបានវាយប្រហារផ្នែកខ្លះនៃប្រទេសគុយបា ដោយនៅទីនោះ វាបានបង្កការបំផ្លិចបំផ្លាញមួយចំនួន ខណៈប្រទេសហ្សាម៉ាអ៉ីក ក៏បានទទួលរងការជន់លិច តែពុំមានសេចក្តីរាយការណ៍ ពីមនុស្សបាត់បង់ជីវិត នៅប្រទេសទាំងពីរឡើយ៕