(ឡុងដ៍)៖ កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ជើងហោះហើរចុងក្រោយរបស់អង់គ្លេស បានចាកចេញពីទីក្រុងកាប៊ុល ក្រោយជម្លៀសមនុស្សបានជាង១៥,០០០នាក់ ក្នុងរយៈពេល២សប្តាហ៍ ចាប់តាំងពីក្រុមតាលីបង់ គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ហើយវាក៏ជាការបិទបញ្ចប់វត្តមាន២០ឆ្នាំ របស់យោធាអង់គ្លេស នៅក្នុងប្រទេសនេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។
ចក្រភពអង់គ្លេសបានស្ថិតនៅជាមួយសហរដ្ឋអាមេរិក តាំងតែពីគ្រាដំបូងម៉្លេះ នៃការលើកកងទ័ពដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន ចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំក្រុមតាលីបង់ ដែលនាពេលនោះ កំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានម្តងរួចមកហើយ ក្រោមហេតុផលថា តាលីបង់លាក់ខ្លួនក្រុមភេរវករអាល់កៃដា ដែលនៅពីក្រោយការវាយប្រហារភេរវកម្ម លើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
គួរបញ្ជាក់ថា កំលុងរយៈពេល២ទសវត្សរ៍ នៅអាហ្វហ្គានីស្ថាន កងទ័ពអង់គ្លេស៤៥០នាក់ បានបាត់បង់ជីវិត។ យោងតាមការកំណត់របស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន យោធាអាមេរិកនឹងចេញផុតពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ខណៈសម្ពន្ធមិត្ត បានចាកចេញជាអាហ្វហ្គានីស្ថានមុន ជាបន្តបន្ទាប់ ទីក្រុងវ៉ាស៉ីនតោន ក៏កំពុងចាប់ផ្តើមដកកងទ័ព ចេញពីព្រលានយន្តហោះកាប៊ុល ជាបណ្តើរហើយផងដែរ៕