(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការិយាល័យសេវាកម្មសង្គ្រោះបន្ទាន់ របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា (CalOES) បានឱ្យដឹងថា ប្រជាជនប្រមាណ ៧,០០០នាក់បន្ថែមទៀតត្រូវបានជម្លៀស ចេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយសារតែភ្លើងឆេះព្រៃ បាននិងកំពុងរីករាលដាលនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដែលនាំឱ្យចំនួនប្រជាជនសរុប ដែលត្រូវបានជម្លៀសចេញ កើនឡើងដល់ ៤២,១០០នាក់ហើយ។
២៖ នាវាចម្បាំងមួយគ្រឿង និងនាវាឆ្មាំសមុទ្រមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដោយទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើរបស់ខ្លួនបែបនេះថា ជាការធ្វើប្រតិបត្តិការធម្មតាៗ ឆ្លងកាត់ដែនទឹកដ៏រសើបមួយនេះ ដែលជាតំបន់ស្ថិតនៅចន្លោះដែនសមុទ្ររវាងកោះតៃវ៉ាន់ និងចិនដីគោក។
៣៖ ពីរថ្ងៃក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួសនោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ សងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន។
៤៖ ក្រសួងការពារជាតិសិង្ហបុរី បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះថា យន្តហោះដឹកជញ្ជូនយោធារបស់ខ្លួន បានជួយដឹកជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថានសរុប ១៤៩នាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយសុវត្ថិភាពហើយ។
៥៖ មេបញ្ជាការយោធានៃចក្រភពអង់គ្លេសបានប្រកាសថា ប្រតិបត្តិការជម្លៀសមនុស្សរបស់ខ្លួន ចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះហើយ។
៦៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានកើនដល់ ១៨២នាក់ហើយ ក្នុងនោះ ១៣នាក់គឺជាទាហានសហរដ្ឋអាមេរិក៕