Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះយោធាសិង្ហបុរី ជួយដឹកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ១៤៩នាក់ ពីកាតាទៅកាន់អាល្លឺម៉ង់

28-08-2021 18:09

(សិង្ហបុរី)៖ ក្រសួងការពារជាតិសិង្ហបុរី បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះថា យន្តហោះដឹកជញ្ជូនយោធារបស់ខ្លួន បានជួយដឹកជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថានសរុប ១៤៩នាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយសុវត្ថិភាពហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមសេចក្តីប្រកាសពីក្រសួងការពារជាតិសិង្ហបុរី យន្តហោះយោធារបស់ខ្លួន បានទៅដឹកជនភៀសពីអាហ្វហ្គានីស្ថានទាំង ១៤៩នាក់នោះ ចេញពីប្រទេសកាតា រួចធ្វើដំណើរបន្តទៅកាន់ប្រទេសអាល្លឺម៉ង់។ កាតា និងប្រទេសមួយចំនួនទៀតត្រូវបានចាត់ទុក ជាទីសំចតពាក់កណ្តាលផ្លូវ សម្រាប់ជនភៀសខ្លួនពីចេញអាហ្វហ្គានីស្ថាន ដើម្បីរង់ចាំបន្តដំណើរទៅកាន់ប្រទេសទីបីទៀត។

បើតាមក្រសួងដដែល យន្តហោះយោធារបស់សិង្ហបុរីបានចាកចេញពីប្រទេសនេះ កាលពីយប់ថ្ងៃព្រហស្បតិ៍សំដៅទៅកាន់ប្រទេសកាតា ដើម្បីជួយសហរដ្ឋអាមេរិក ក្នុងការជម្លៀសជនជាតិអាហ្វហ្គានីស្ថាន។ សិង្ហបុរីបានស្ម័គ្រចិត្ត ជួយសហរដ្ឋអាមេរិកដឹកជញ្ជូន ជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកាតា ទៅកាន់ប្រទេសទីបីទៀតតាមផែនការ។

គួរបញ្ជាក់ថា យន្តហោះដឹកជញ្ជូននៃយោធាសិង្ហបុរី MRTT មានសមត្ថភាពដឹកមនុស្សបានក្នុងមួយជើង ២៦៦នាក់ ឬជាទំនិញបាន ៣៧តោន។ ការជួយដឹកជញ្ជូននេះត្រូវបានធ្វើឡើង តបតាមការសន្យាដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ចំពោះអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស ដែលបានមកបំពេញទស្សនកិច្ចនៅសិង្ហបុរី កាលពីដើមសប្តាហ៍នេះ៕