Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេសអះអាងថា នឹងបិទបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាហ្វហ្កានីស្ថាន នៅថ្ងៃសៅរ៍នេះហើយ

28-08-2021 16:50

(ឡុងដ៍)៖ មេបញ្ជាការយោធានៃចក្រភពអង់គ្លេសបានប្រកាសថា ប្រតិបត្តិការជម្លៀសមនុស្សរបស់ខ្លួន ចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC។

លោកឧត្តសេនីយ៍ នីក ខាថឺ (Nick Carter) នៃយោធាអង់គ្លេស បាននិយាយថា នៅតែមានយន្តហោះស៊ីវិលធ្វើដំណើរមកកាន់អង់គ្លេស ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះនៅពេលនេះ។ លោក Nick Carter បានបង្ហាញការសោកស្តាយផងដែរ ដែលអង់គ្លេសមិនអាចជម្លៀសមនុស្សឲ្យបាបគ្រប់គ្នា ដោយលោកចង់់សំដៅទៅលើ ជនជាតិអាហ្វហ្គានីស្ថានមួយចំនួន ដែលមានសិទ្ធិមកជ្រកកោននៅអង់គ្លេស ប៉ុន្តែពួកគេពេលនេះបែរជាត្រូវ បន្តស្ថិតនៅអាហ្វហ្គានីស្ថាន ដោយសារតែការជម្លៀសនឹងត្រូវបញ្ចប់។

យន្តហោះយោធា និងស៊ីវិលនៃចក្រភពអង់គ្លេស បានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន គិតចាប់តាំងពីក្រុមតាលីបង់ ចូលគ្រប់គ្រងទីក្រុងកាប៊ុលមកម្ល៉េះ។ គិតចាប់តាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែសីហា អង់គ្លេសបានជម្លៀសមនុស្សសរុប ១៤,៥៤៣នាក់ហើយចេញពីអាហ្វហ្គានីស្ថាន។

បើតាមមេបញ្ជាការយោធាអង់គ្លេសខាងលើ ការជម្លៀសមនុស្សដោយអង់គ្លេស នឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើមនុស្សសរុបប៉ុន្មានទៀត នឹងអាចត្រូវដឹកចេញពីអាហ្វហ្គានីស្ថាននោះឡើយ។ ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែងថា លោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយជនជាតិអាហ្វហ្គានីស្ថាន ដែលមានសិទ្ធិទទួលបានការតាំងទីលំនៅថ្មី នៅចក្រភពអង់គ្លេស ឲ្យចាកចេញពីទីក្រុងកាប៊ុល។

ទោះជាយ៉ាងណា ការសម្រេចចិត្តច្បាស់លាស់របស់យោធាអង់គ្លេស នៅថ្ងៃសៅរ៍នេះ បានកើតមានឡើងបន្ទាប់ពីអាកាសយានដ្ឋានទីក្រុងកាប៊ុល រងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្ស ១៨២នាក់ ក្នុងនោះ ១៣នាក់ជាកងទ័ពអាមេរិក ខណៈសហរដ្ឋអាមេរិកវិញក៏ទើបបានព្រមានថា នឹងអាចកើតមានការវាយប្រហារបន្ថែមទៀត ដោយក្រុម ISIS-K នៅអាហ្វហ្គានីស្ថាន៕