(រ៉ូម)៖ ប្រទេសអ៉ឺតាលីដែលបច្ចុប្បន្នជាប្រធានប្ដូរវេននៃក្រុមប្រទេស G20 បានស្នើឱ្យមានកិច្ចប្រជុំពិសេសបន្ទាន់មួយស្ដីពីស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ខណៈជើងហោះហើរជម្លៀសមនុស្សចុងក្រោយបំផុតរបស់ខ្លួន បានចាកចេញពីរដ្ឋធានីកាប៊ុលនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។
បើតាមរដ្ឋមន្ត្រីការបរទេសអ៉ីតាលី លោក Luigi Di Maio យន្ដហោះយោធាអ៉ីតាលីធុន C-130 ត្រូវបានរំពឹងថានឹងចុះចតនៅឯទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយ នាំពលរដ្ឋអ៉ីតាលីទាំងអស់ដែលបានស្នើសុំធ្វើមាតុភូមិវត្តន៍ត្រឡប់មកអ៉ីតាលី វិញ។ លោក Di Maio ក៏បានទទួលស្គាល់ដែរថាជនជាតិអាហ្វហ្កានីស្ថាន ៤,៩០០នាក់ ដែល ចង់ចាកចេញពីប្រទេសកំណើតរបស់ពួកគេ ត្រូវបានជម្លៀសដោយយោធាអ៉ីតាលីកំឡុងប្រតិបត្តិការជម្លៀសនេះ។
បន្ថែមពីលើនេះ ក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងរ៉ូម កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov លោក Di Maio បានអះអាងជាថ្មីថាអ៉ីតាលីមានផែនការស្នើឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយនៃក្រុមប្រទេស G20 ស្ដីពីប្រទេសអាហ្វហ្កានីស្ថាននៅខែកញ្ញាខាងមុខនេះ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រសកលថ្មីមួយ៕