(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៩៨៤នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៦៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣២៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៥៣៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៥៧,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៨៧៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩៦៤,៣១៩នាក់។ គិតត្រឹមថ្ងៃទី២៤ ខែសីហា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៨.៨លានដូស ក្នុងនោះប្រជាជន ៦.៦លាននាក់ (៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
កាលពីថ្ងៃសុក្រម្សិលមិញនេះ កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ថៃបានប្រកាសថា ប្រទេសនេះនឹងបន្ធូរបន្ធយវិធានការរឹតត្បិតភាគច្រើន ចាប់ពីខែកញ្ញាខាងមុខនេះតទៅ និងអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សរហូតដល់ ២៥នាក់នៅទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។ ការបន្ធូរបន្ថយវិធានការរឹតបន្តឹង គឺមានភាពចាំបាច់ណាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន និងកំពុងព្យាយាមក្នុងការបង្កើនអត្រាចាក់វ៉ាក់សាំង៕