(កាប៊ុល)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានព្រមានសាជាថ្មី ឱ្យពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្ថិតនៅតាមច្រកចូលអាកាស យានដ្ឋានត្រូវចាកចេញជាបន្ទាន់ ដោយសារតែបារម្ភពីការវាយប្រហារភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។
បើតាមស្ថានទូតអាមេរិក ពលរដ្ឋអាមេរិកត្រូវចៀសវាងការធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន និងត្រូវចៀសវាងផងដែរការប្រមូលផ្ដុំគ្នា នៅតាមច្រកចូលអាកាសយានដ្ឋាន។ ការព្រមានបែបនេះកើតមានឡើង បន្ទាប់ពីក្រុមមន្ត្រីអាមេរិកអះអាងថា អាចនឹងមានការវាយប្រហារភេរវកម្មជាថ្មីទៀត ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដែលបានផ្ដាច់ជីវិតមនុស្សរាប់រយនាក់។
គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល គឺជាស្នាដៃរបស់ក្រុម ISIS-K នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយក្រុមតាលីបង់បានអះអាងថា សមាជិករបស់ខ្លួន ២៨នាក់ ក៏បានស្លាប់ក្នុងការវាយប្រហារនេះដែរ។
ដោយឡែកនៅមុននេះបន្តិច ទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អ្នកនាំពាក្យយោធាអាមេរិកលោក វីលៀម អឺប៊ែន (William Urben) បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើមនុស្សម្នាក់ដែលត្រូវបានសម្លាប់ក្នុងខេត្ត Nangahar នោះ ពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ដែរ ឬមួយក៏យ៉ាងណានោះឡើយ៕