Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែនត្រូវការធ្វើកំណែទម្រង់ផ្ទៃក្នុង ទើបអាចចូលជាសមាជិកអង្គការ NATO បាន

27-08-2021 18:13

(កៀវ)៖ អគ្គលេខាធិការរងនៃអង្គការ NATO លោក ម៉ឺសៀ ជីអូអាណា ( Mircea Geoana) បានអំពាវនាវឲ្យប្រទេសអ៊ុយក្រែន ធ្វើកំណែទម្រង់ផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឲ្យប្រទេសនេះសក្តិសមក្នុងការក្លាយជាសមាជិក នៃអង្គការរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

លោក Mircea Geoana បានថ្លែងនៅអំលុងពេលបំពេញទស្សនកិច្ច នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះថា ការរំពឹងទុករបស់អ៊ុយក្រែនក្នុងការក្លាយជាសមាជិក NATO ត្រូវបានបញ្ជាក់រួចហើយ នៅក្នុងគោលនយោបាយនៃអង្គការនេះ។ បើតាមលោក Geoana ការធ្វើកំណែទម្រង់របស់អ៊ុយក្រែន ជាពិសេសទៅលើនយោបាយផ្ទៃក្នុង គឺជាពិតជារឿងចាំបាច់ ដើម្បីឲ្យអ៊ុយក្រែនក្លាយជាបេក្ខភាពដែល NATO ទទួលយក ព្រោះគ្មានភាពស្វ័យប្រវត្តិណាមួយ អាចកើតឡើងនោះឡើយ សម្រាប់ដំណើរការទទួលយកសមាជិកនេះ។

លោក Mircea Geoana ក៏បានជំរុញផងដែរឲ្យអ៊ុយក្រែន បន្តធ្វើការផ្សាភ្ជាប់ជានិច្ច ជាមួយអង្គការ NATO ព្រមទាំងព្យាយាមធ្វើកំណែទម្រង់ តាមរយៈកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន។ ប្រទេសអ៊ុយក្រែនបានដាក់គោលដៅ ក្នុងការក្លាយខ្លួនជាសមាជិក នៃអង្គការ NATO ជាអាទិភាព ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយវាកាន់តែចាំបាច់ នៅពេលប្រទេសអ៊ុយក្រែន ប្រឈមមុខជម្លោះទឹកដី កាន់តែជូរចត់ជាមួយប្រទេសរុស្ស៊ី៕