(តូក្យូ)៖ ក្នុងសប្តាហ៍នេះ តុលាការនៅប្រទេសជប៉ុន បានសម្រេចផ្តន្ទាទោសប្រហារជីវិត ចំពោះមេក្រុមបងធំ Yakuza ម្នាក់ បន្ទាប់ពីជននោះ បានបញ្ជាឲ្យមានការវាយប្រហារនិងធ្វើឃាត លើពលរដ្ឋជប៉ុនប៉ុន្មាននាក់ផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន ABC News នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
លោក សាតូរូ ណូមូរ៉ា (Satoru Nomura) អាយុ៧៤ឆ្នាំ ដែលជាមេបងធំក្រុម Yakuza ហោថា គូដូកៃ (Kudo-kai) មានមូលដ្ឋាននៅភាគនិរតីប្រទេសជប៉ុន ត្រូវបានតុលាការជប៉ុនរកឃើញថា ពិតជាមានទោសពីបទចោទប្រកាន់មួយចំនួន រួមមានការចេញបញ្ជាឲ្យបាញ់សម្លាប់ អតីតប្រធានសមាគមអ្នកនេសាទម្នាក់ កាលពីឆ្នាំ១៩៩៨, ការវាយប្រហារកាលពីឆ្នាំ២០១៤ លើសាច់ញាតិរបស់ជនរងគ្រោះនោះ, ករណីវាយប្រហារដោយកាំបិទលើបុគ្គលិកគ្លីនិកមួយកន្លែង កាលពីឆ្នាំ២០១៣ និងករណីបាញ់ប្រហារកាលពីឆ្នាំ២០២១ លើអតីតមន្រ្តីប៉ូលិសម្នាក់ ដែលបានស៉ើបអង្កេតលើក្រុម គូដូកៃ។
ទោះជាយ៉ាងនេះក្តី លោក Satoru Nomura បានបដិសេធចំពោះបទចោទប្រកាន់ទាំងអស់។ បងធំទី២របស់ក្រុម គូដូកៃ គឺលោក ហ៊្វូមីអូ តានូអ៉ី (Fumio Tanoue) ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមបងធំ Yakuza ក្នុងប្រទេសជប៉ុន បានបន្តធ្លាក់ចុះឥទ្ធិពល តាំងពីពេលច្បាប់កាន់តែតឹងរ៉ឹងឡើង ហើយសង្គមជប៉ុនក៏លែងសូវមាន ការអត់ឱនឲ្យក្រុមនេះតទៅទៀត។
គួរបញ្ជាក់ថា ជប៉ុនស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍមួយចំនួនតូច ដែលនៅបន្តអនុវត្តទោសប្រហារជីវិត ដោយមធ្យោបាយប្រហារជីវិតគឺ តាមរយៈការព្យួរក។ កាលពីឆ្នាំ២០១៨និងឆ្នាំ២០១៩ ជប៉ុបានអនុវត្តទោសប្រហារជីវិតចំនួន១៨លើក ខណៈកាលពីឆ្នាំ២០២០ គឺមិនមាននោះទេ ដែលជាលើកដំបូង គិតចាប់ពីឆ្នាំ២០១១មក៕