(កង់ប៊េរ៉ា)៖ ប្រទេសអូស្រ្តាលីបានអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំពោះក្មេងវ័យជំទង់ ដែលមានចាប់ពីអាយុ ១២-១៥ឆ្នាំហើយ ចំពេលមានការផ្ទុះឡើងនូវរលកទី ៣ និងមេរោគបំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់វ៉ាក់សាំង (ATAGI) នៅថ្ងៃសុក្រនេះបានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលថា វ៉ាក់សាំង Pfizer គឺមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ក្រុមអាយុនេះ ហើយអត្ថប្រយោជន៍របស់វាទៀតសោត គឺមានច្រើនជាងហានិភ័យ។ ដូច្នេះ ATAGI បានណែនាំឱ្យបញ្ចូលក្រុមអាយុនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសអូស្ត្រាលីទៅតាមពេលវេលាដែលបានកំណត់។
បន្ទាប់ពីការប្រកាសនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងនៅរដ្ឋធានីកង់ប៊េរ៉ា (Canberra) ថា ការណាត់ដើម្បីទទួលការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនេះ នឹងបើកនៅខែកញ្ញាខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើង ស្របពេលដែលប្រទេសអូស្ត្រាលី បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៩៨២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ។ រហូតមកទល់ពេលនេះ ប្រជាជនអូស្ត្រាលីប្រហែលពាក់កណ្តាលនៅរដ្ឋញូសោតវែលស៍ (New South Wales), រដ្ឋវិចតូរៀ (Victoria) និងដែនដីនៃរដ្ឋធានីអូស្រ្តាលី (ACT) នៅតែស្ថិតក្រោមវិធានការបិទខ្ទប់ដដែល។
គិតត្រឹមថ្ងៃសុក្រនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៤៨,៧៩៤ករណី ក្នុងនោះស្លាប់ ៩៩១នាក់ និង ៣២,៦១២នាក់ជាសះស្បើយវិញ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាលើកដំបូងបំផុតរបស់អូស្ត្រាលី ដែលបានរាយការណ៍ពីការរកឃើញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ខ្ទង់ ១,០០០នាក់៕