(កាប៊ុល)៖ ប្រទេសកាណាដា និងនូវែលសេឡង់បានបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្កានីស្ថានហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ុន្តែគេមិនទាន់ដឹងថា តើនៅមានពលរដ្ឋនៃប្រទេសទាំង ០២នេះប៉ុន្មាននាក់ទៀត ដែលកំពុងបន្តស្ថិតនៅ ប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ
សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
បើតាមអាជ្ញាធរនូវែលសេឡង់ មកទល់បច្ចុប្បន្នពលរដ្ឋនូវែលសេឡង់សរុប ២៧៦នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល ក្នុងគោលដៅឆ្ពោះមកកាន់ប្រទេសនូវែសេឡង់ ហើយក្នុងចំណោមអ្នកទាំងនេះ មាន ២២៨នាក់ បានបន្តចេញដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ទៅកាន់នូវែសេឡង់ហើយ។ ចំណែកឯ មនុស្ស ១០០នាក់ទៀត ក្នុងនោះរួមមានទាំងពលរដ្ឋអូស្ត្រាលី និងនូវែលសេឡង់ កំពុងជិះលើជើងហោះហើរចុងក្រោយ នៃយន្ដហោះរបស់យោធានូវែលសេឡង់ ចាកចេញពីទីក្រុងកាប៊ុល។
ដោយឡែក រដ្ឋាភិបាលកាណាដាក៏បានបិទបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាហ្វហ្កានីស្ថានដែរ ដោយមានមនុស្ស ៣,៧០០នាក់ ត្រូវបានជម្លៀសចេញពី ទីក្រុងកាប៊ុល ស្របពេលនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានសន្យាថា នឹងផ្ដល់សិទ្ធិជ្រកកោនដល់ប្រជាជនអាហ្វហ្កានីស្ថាន ២០,០០០នាក់ ឱ្យមកតាំងទីលំនៅក្នុងប្រទេសកាណាដា នៅរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបច្ចុប្បន្ន កំពុងបង្កើនល្បឿនប្រតិបត្តិការជម្លៀសពលរដ្ឋរបស់ពួកគេ និងជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ចេញពីរដ្ឋធានីកាប៊ុល ឱ្យបានមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី៣១ ខែសីហានេះ បន្ទាប់ពីក្រុមតាលីបង់ព្រមានថា នឹងមិនអនុញ្ញាតឱ្យកងទ័ពបរទេសបន្តស្ថិតនៅលើទឹកដី អាហ្វហ្កានីស្ថានហួសកាលបរិច្ឆេទនេះទេ។
យ៉ាងណាក៏ដោយ ក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតមានឡើងនៅរដ្ឋធានីកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្សជាង ៧០នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួសនោះ គេនៅមិនទាន់ដឹងថា ប្រទេសផ្សេងៗទៀតធ្វើការសម្រេចចិត្តយ៉ាងណាឡើយ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសសុទ្ធតែបានអះអាងរួចហើយថា ការជម្លៀសមនុស្សនឹងត្រូវបន្ត ហើយកាន់តែលឿនជាងមុនទៀត ឲ្យបានមុនថ្ងៃកំណត់ថ្ងៃទី៣១ ខែសីហា៕