(កាប៊ុល)៖ មន្រ្តីតាលីបង់ម្នាក់បានឲ្យដឹងថា មានជនស៉ីវិលយ៉ាងហោច៧២នាក់ បានបាត់បង់ជីវិត ក្នុងករណីបំផ្ទុះគ្រាប់អត្តឃាតពីរលើក នៅក្បែរអាកាសយានដ្ឋាននៃទីក្រុងកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ ទាហានអាមេរិកយ៉ាងហោច១៣នាក់ ក៏បានស្លាប់ និងមួយចំនួនទៀតរងរបួសផងដែរ។ ការវាយប្រហារនេះ បានកើតឡើង ចំពេលដែលមនុស្សរាប់ពាន់នាក់ ព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន តាមព្រលានយន្តហោះទីក្រុងកាប៊ុល ក្រោមការសម្របសម្រួលពីយោធាអាមេរិក ចាប់តាំងពីក្រុមតាលីបង់ បានឡើងគ្រប់គ្រងប្រទេសនេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS ប្រចាំនៅអាហ្វហ្គានីស្ថាន ហៅថា ISIS-K បានចេញមុខអះអាងថា ពួកគេគឺជាអ្នកស្ថិតនៅពីក្រោយ សកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតនេះ។ ក្រៅពីមានអ្នកស្លាប់ មនុស្សច្រើនជាង១០០នាក់ទៀត ក៏បានរងរបួសផងដែរ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាធ្វើការសងសឹកទៅវិញ ចំពោះអំពើភេរវកម្មនេះ៕