(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន អាចនឹងត្រូវប្រឈមមុខការវាយប្រហារបន្ថែមទៀត ពីសំណាក់ក្រុមភេរវករ ISIS ចំពោះមុខការបង្កើនល្បឿននៃប្រតិបត្តិការជម្លៀស ក្រោយទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ចំនួនទាហានអាមេរិកបាត់បង់ជីវិត ទំនងអាចនឹងកើនឡើងក៏ថា ខណៈទាហានរាប់សិបនាក់បានរងរបួសធ្ងន់ និងស្រាល។ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក ISIS គឺជាការវាយប្រហារ ដែលផ្ដាច់ជីវិតកងទ័ពអាមេរិកច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០២០មក។ ពួក ISIS នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានអះអាងថាក្រុមខ្លួនជាអ្នកនៅពីក្រោយ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមានគោលដៅលើអ្នកបកប្រែ និងសហការីរបស់កងទ័ពអាមេរិក។
បើតាមមេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី (Kenneth McKenzie) បានលើកឡើងថា «យើងជឿជាក់ថា ពួកគេប្រាកដជាមានចេតនា បង្កការវាយប្រហារបែបនេះទៀត... ហើយយើងរំពឹងថា ការវាយប្រហារបែបនេះ នឹងបន្តកើតមាន...»។ លោក McKenzie បានសង្កត់ថា ការវាយប្រហារនៅពេលខាងមុខ អាចជាការបាញ់គ្រាប់រ៉ុក្កែត ឬក៏ជាការបើករថយន្តបង្កៃគ្រាប់បែក ចូលក្នុងព្រលានយន្តហោះផងក៏ថាបាន។ មេទ័ពអាមេរិករូបនេះ ក៏បានព្រលយពាក្យសម្តីផងដែរថា ក្រុមតាលីបង់គឺជាអ្នកបណ្តែតបណ្តោយ ឲ្យការវាយប្រហាររបៀបនេះកើតមានឡើង។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលនៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលើកទីមួយកើតឡើងនៅច្រក អាបប៊ី ហ្គេត (Abbey Gate) នៃអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) និងមួយលើកទៀតនៅក្នុងសណ្ឋាគារ បារ៉ុន (Baron Hotel)។ ជនស៊ីវិល អាហ្វហ្កានីស្ថាន ៦០នាក់ក៏បានស្លាប់ និង ១៤០នាក់រងរបួសផងដែរ។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា នឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងនៅតែបន្តជានិច្ច៕