(កាប៊ុល)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានផ្ដាច់ជីវិត និងបង្ករឱ្យជនស៊ីវិលរាប់សិបនាក់រងរបួស នៅឯក្បែរអាកាសយានដា្ឋនទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី Kenneth McKenzie បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលនៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលើកទីមួយកើតឡើងនៅច្រក អាបប៊ី ហ្គេត (Abbey Gate) នៃអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) និងមួយលើកទៀតនៅក្នុងសណ្ឋាគារ បារ៉ុន (Baron Hotel)។
លោក MacKenzie បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ យើងបានដឹងថា ទាហានរបស់យើង ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស»។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។
បើតាមលោក McKenzie ការវាយប្រហារនៅឯច្រក Abbey Gate ដែលបានបង្កឲ្យទាហានអាមេរិកបាត់បង់ជីវិតនោះ គឺមានការចូលរួមពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ គាំទ្រដោយខ្មាន់កាំភ្លើង ISIS ប៉ុន្មាននាក់ទៀត ដែលបានបើកការបាញ់រះទៅលើជនស៊ីវិល និងកងកម្លាំងទាហានជាបន្តបន្ទាប់។ ដោយឡែកចំពោះការវាយប្រហារនៅសណ្ឋាគារ Baron វិញ លោក McKenzie មិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតឡើយ។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ក្រុមនេះបានរៀបធ្វើដំណើរ ទៅកាន់កន្លែងប្រមូលផ្តុំកកកុញនៃក្រុមអ្នកបកប្រែ និងសម្របសម្រួល នៅក្នុងជំរុំ បារ៉ាន (Baran Camp) នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែក ដែលនៅជាប់ខ្លួនតែម្តង។ ជាលទ្ធផលមនុស្ស ៦០នាក់បានស្លាប់ និង១៤០នាក់រងរបួស៕