Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេសថានឹងបន្តការជម្លៀសមនុស្ស ចេញពីអាហ្វហ្គានីស្ថានដដែល ទោះបីព្រលានយន្តហោះទីក្រុងកាប៊ុល រងការបំផ្ទុះគ្រាប់បែក

27-08-2021 09:40

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានថ្លែងថា ចក្រភពអង់គ្លេសនឹងនៅតែបន្តប្រតិបត្តិការជម្លៀសមនុស្ស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានដដែល បើទោះបីជាមានការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០២លើកនៅទីនោះ ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

លោក Johnson បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលយើងត្រូវប្រឈមមុខ នៅក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយយើងបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់វា»

លោក Johnson បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ខ្ញុំចង់សង្កត់ធ្ងន់ទៀតថា យើងនឹងបន្តប្រតិបត្តិការនេះ ហើយឥឡូវនេះយើងនឹងបន្តរហូតដល់ទីបញ្ចប់ ទោះក្នុងករណីណាក៏ដោយ»

បើតាមការដកស្រង់សម្តីរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយសារព័ត៌មាន BBC ការផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០២គ្រាប់នៅច្រកទ្វារចូលអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយយ៉ាងហោចណាស់មនុស្សចំនួន ៦០នាក់បានស្លាប់ និង ១៤០នាក់ផ្សេងទៀតបានរងរបួស។ ក្រុម ISIS បានចេញមុខទទួលខុសត្រូវចំពោះទង្វើនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសបានជម្លៀសមនុស្សប្រមាណ ១៥,០០០នាក់ហើយចេញពីប្រទេសអាហ្វហ្គានីស្ថាន៕