(កាប៊ុល)៖ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ឲ្យដឹងថា ទាហានអាមេរិក៤នាក់បានស្លាប់ និង៣នាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ដោយក្រុម ISIS-K នៅព្រលានយន្តហោះ ទីក្រុងកាប៊ុល អាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
សូមជំរាបថា ចំនួនអ្នកស្លាប់កើនដល់៤០នាក់ និងរបួស១២០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតចំនួន២គ្រាប់ នៅច្រកទ្វារចូល អាកាសយានដ្ឋានកាប៊ុល។
ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥៖១១នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមនុស្សរាប់ពាន់នាក់ រួមទាំងគ្រួសារអាហ្វហ្គានីស្ថានជាច្រើន បានព្យាយាមទៅធ្វើដំណើរជិះយន្តហោះដើម្បីចាកចេញពីអាហ្វហ្គានីស្ថានជាទីដែលពួកតាលីបង់ទើបតែបានគ្រប់គ្រង។
ពាក់ព័ន្ធករណីវាយប្រហារនេះ ក្រុម Islamic State Khorasan (ISIS-K) បានប្រកាសថា ពួកគេជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកនេះ៕