(កាប៊ុល)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សយ៉ាងតិច១៣នាក់បានស្លាប់ ក្នុងនោះរួមមានទាំងកុមារផងដែរ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតមួយនៅច្រកទ្វារចូលអាកាសយានដ្ឋានកាប៊ុល ខណៈមនុស្សផ្សេងទៀតរាប់សិបនាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Independent នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥៖១១នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមនុស្សរាប់ពាន់នាក់រួមទាំងគ្រួសារអាហ្វហ្គានីស្ថានជាច្រើន បានព្យាយាមទៅធ្វើដំណើរជិះយន្តហោះដើម្បីចាកចេញពីអាហ្វហ្គានីស្ថានជាទីដែលពួកតាលីបង់ទើបតែបានគ្រប់គ្រង។
បើតាមសារព័ត៌មាន FOX NEWS ក្នុងចំណោមអ្នករងបួសជាង៥០នាក់ ក៏មានទាហានអាមេរិកចំនួន៣នាក់ផងដែរ។ ទោះជាយ៉ាងណា ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសមិនត្រូវបានគេដឹងពិតប្រាកដនៅឡើយទេ ខណៈស្ថានការណ៍កំពុងតែច្របូកច្របល់។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងមិនដល់មួយថ្ងៃទេ បន្ទាប់ពីស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុលបានព្រមានពីការគំរាមកំហែងសន្តិសុខនៅខាងក្រៅច្រកទ្វារចូលអាកាសយានដ្ឋានកាប៊ុល ខណៈដែលក្រុមតាលីបង់ក៏បានព្រមានពីលទ្ធភាពនៃការវាយប្រហារភេវរកម្មផងដែរ៕