Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រូបភាព-វីដេអូមន្ត្រីប៉ូលិសថៃធ្វើទារុណកម្ម និងជម្រិតទារប្រាក់ពីអ្នករត់ពន្ធគ្រឿងញៀន កំពុងធ្វើឲ្យកក្រើកសង្គមថៃ, មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន

26-08-2021 18:10

(បាងកក)៖ អាជ្ញាធរថៃកំពុងតាមប្រមាញ់មន្រ្តីប៉ូលិស ២នាក់ ខណៈ៥នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យជាប់ពាក់ព័ន្ធ ការធ្វើទារុណកម្មបុរសម្នាក់រហូតដល់ស្លាប់ ក្រោយពីត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរថៃនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មន្រ្តីប៉ូលិស ៥នាក់ មកពីខេត្ត ណាខន សាវ៉ាន់ (Nakhon Sawan) ត្រូវបានចាប់ឃុំខ្លួន ខណៈប្រតិបត្តិការតាមចាប់មន្រ្តីប៉ូលិស ២នាក់ទៀត កំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្ម។ មេធាវីថៃម្នាក់ឈ្មោះ ស៊ីតត្រា (Sittra Biabungkerd) បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Facebook ដែលបង្ហាញពីបុរសម្នាក់ត្រូវមនុស្ស ៤នាក់ ព្រួតគ្នាសង្កត់ឲ្យរាបទៅនឹងដី ហើយត្រូវគេយកថង់ផ្លាស្ទិច គ្របក្បាលដើម្បីខ្ទប់ដង្ហើម។

លោក Sittra បានប្រាប់ថា លោកទទួលបានឃ្លីបវីដេអូនោះ ពីបុគ្គលិកថ្នាក់ក្រោមម្នាក់ ដែលបានស្នើឲ្យលោកជួយផ្តល់វាបន្តឲ្យទៅ អគ្គស្នងការប៉ូលិសជាតិថៃ ខណៈបុគ្គលិកនោះបានអះអាងថា វាបង្ហាញឲ្យឃើញពីស្នងការប៉ូលិសម្នាក់ហៅថា ចូ (Joe) នៃស្ថាប័នប៉ូលិសខេត្ត Nakhon Sawan ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ពីជនជួញដូរគ្រឿងញៀនម្នាក់។

ស្នងការប៉ូលិសថៃរូបនោះ ត្រូវអាជ្ញាធរកំណត់អត្តសញ្ញាណថា មានឈ្មោះ សិទ្ធីសាន (Thitisan Uttanapol)។ កម្លាំងប៉ូលិសថៃបានចុះឆែកឆេរផ្ទះរបស់លោក Thitisan នៅទីក្រុងបាងកក កាលពីថ្ងៃពុធសប្តាហ៍នេះ និងបានរកឃើញរថយន្តដល់ទៅ ១៣គ្រឿង ក្នុងនោះរួមមានទាំងរថយន្តទំនើបៗដូចជា Lamborghini និង Ferrari ជាដើម។

គួរបញ្ជាក់ថា ក្នុងពុធថ្ងៃដដែល អគ្គស្នងការប៉ូលិសថៃ លោក ស៊ូវ៉ាត ចាំងយ៉ូដស៊ុក (Suwat Jangyodsuk) បានទទូចឲ្យលោក Thitisan ប្រគល់ខ្លួនជាបន្ទាន់ឲ្យអាជ្ញាធរ។ លោក Suwat បាននិយាយថា ទោះជាយ៉ាងណា គឺនៅតែមានប៉ូលិសល្អៗ ដែលខិតខំបម្រើរាស្រ្ត ហើយជនអាក្រក់ៗដែលប្រព្រឹត្តរឿងអាក្រក់ នឹងត្រូវប្រឈមមុខផលវិបាក។ បើតាមលោក Suwat ទាក់ទងរឿងនេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូ បានបង្គាប់មកកាន់រូបលោកផ្ទាល់ ឲ្យធ្វើការកែលម្អស្ថាប័នប៉ូលិស ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋឡើងវិញ៕