(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយថា វិធានការបិទខ្ទប់ (lockdown) ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេស កំពុងជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស បើទោះបីជាចំនួនករណីឆ្លងថ្មីៗ បានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៦៨ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងការផ្ទុះឡើងចុងក្រោយនេះ បានកើនឡើងដល់ ២៧៧ករណី ក្នុងនោះមាន ២៦៣ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង អកលែនដ៍ (Auckland) និង ១៤ករណីទៀតនៅក្នុងរដ្ឋធានី វែលីងតោន (Welligton)។
ជុំវិញបញ្ហានេះ ប្រទេសនូវែលសេឡង់ត្រូវស្ថិតនៅក្រោមវិធានការបិទខ្ទប់ទូទាំងប្រទេស យ៉ាងហោចណាស់រហូតដល់ចុងខែសីហានេះ ដែលប្រជាជនសរុបប្រមាណ ៥លាននាក់ ត្រូវស្ថិតក្រោមបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ហើយសាលារៀន កន្លែងធ្វើការ និងអាជីវកម្មនានា ក៏ត្រូវបិទទ្វារផងដែរ លើកលែងតែទីកន្លែងសំខាន់ៗ ដូចជាផ្សាទំនើប ឱសថស្ថាន និងកន្លែងផ្ដល់សេវាកម្មតែប៉ុណ្ណោះ។
លោកស្រី Ardern បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វិធានការបិទខ្ទប់ គឺមានផលប៉ះពាល់ ប៉ុន្តែការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta គឺមានផលប៉ះពាល់ខ្លាំងជាងនេះទៅទៀត។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដែលវាពិតជាមិនគួរឱ្យជឿទាល់តែសោះ»។
លោកស្រី Ardern បាននិយាយបន្ថែមថា «គ្មាននរណាម្នាក់ចង់ដាក់ចេញនូវវិធានការបិទខ្ទប់ជារៀងរហូតនោះទេ... នេះមិនមែនជាចេតនារបស់យើងទេ។ ប៉ុន្តែការលុបបំបាត់ នឹងបន្តជាយុទ្ធសាស្រ្តរបស់យើង រហូតដល់ប្រជាជនភាគច្រើនរបស់យើង បានទទួលការចាក់វ៉ាក់សាំងរួចរាល់»។ បើតាមរដ្ឋាភិបាលនូវែលសេឡង់ រហូតមកទល់ពេលនេះ វ៉ាក់សាំងត្រឹមតែ ៣លានដូសប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស៕