(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ប្រទេសបារាំងនឹងលែងអាចជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បានតទៀតហើយ ក្រោយល្ងាចថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
លោក Castex បានថ្លែងប្រាប់វិទ្យុបារាំង RTL យ៉ាងដូច្នេះថា «ចាប់ពីយប់ថ្ងៃសុក្រសប្តាហ៍នេះ យើងនឹងលែងអាចធ្វើប្រតិបត្តិការជម្លៀសមនុស្ស ពីព្រលានយន្តកាប៊ុលទៀតហើយ»។ យោងតាមលោក Castex មូលហេតុចម្បង គឺដោយសារការដកកងទ័ពអាមេរិក នៅថ្ងៃទី៣១ ខែសីហា ខណៈបច្ចុប្បន្នកងទ័ពអាមេរិក កំពុងគ្រប់គ្រងនិងធានាសន្តិសុខ នៅព្រលានយន្តហោះ។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក មនុស្សរាប់ពាន់នាក់ បាននិងកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។ គិតមកទល់ឥឡូវ បារាំងជម្លៀសជនជាតិអាហ្វហ្គានីស្ថានបានជាង ២,០០០នាក់ និងជនជាតិបារាំងផ្ទាល់បាន១០០នាក់៕