(ហ៊ូស្តុន)៖ អភិបាលរដ្ឋតិចសាស់ (Texas) លោក ហ្រ្គេក អេបបុត (Greg Abbott) កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសចេញបទបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់មិនឲ្យមាន ការដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងរដ្ឋរបស់លោកឡើយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
ក្នុងបទបញ្ជាបានលើកឡើងថា «ពុំមានស្ថាប័នរដ្ឋាភិបាលណាមួយ នៅក្នុងរដ្ឋ Texas អាចបង្ខំឲ្យនរណាម្នាក់ ចាក់វ៉ាក់សាំង COVID-19 ឡើយ»។ ដូច្នេះ គ្រឹះស្ថានសាធារណៈទាំងអស់ក្នុងរដ្ឋ Texas រួមមានទាំងទីភ្នាក់ងាររដ្ឋ អាជ្ញាធរក្នុងតំបន់ សាកលវិទ្យាល័យ សាលារៀន ព្រមទាំងអង្គភាពដទៃៗទៀត ដែលទទួលមូលនិធិរដ្ឋ គឺត្រូវបានហាមមិនឲ្យបង្ខំបុគ្គលិកចាក់វ៉ាក់សាំង ឬស្នើអ្នកដែលប្រើសេវាកម្មពួកគេ ឲ្យផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងឡើយ។ កាលពីសប្តាហ៍កន្លងទៅ លោក Abbott ក៏ទើបតែបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ផងដែរ។
គួរបញ្ជាក់ថា ទោះបីមានការរាតត្បាតសាជាថ្មីនៃ COVID-19 នៅក្នុងរដ្ឋ Texas ក៏ដោយ លោក Abbott បានប្រកាន់ជំហរជាសាធារណៈ ប្រឆាំងនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងនិងពាក់ម៉ាស ដោយហាមមន្រ្តីនៅក្នុងរដ្ឋ មិនឲ្យចេញគោលការណ៍ទាំងនេះឡើយ។ យ៉ាងណាក្តី នៅតែមានអាជ្ញាធរតាមតំបន់មួយចំនួន មិនព្រមធ្វើតាមការបង្គាប់របស់លោក Abbott នោះទេ ដ្បិតពួកគេយល់ឃើញថា ការចាក់វ៉ាក់សាំងគឺជាផ្លូវតែមួយគត់ ដើម្បីទប់ទល់នឹង COVID-19៕