Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ព្រមានពីការវាយប្រហារភេរវកម្ម លើព្រលានយន្តហោះទីក្រុងកាប៊ុល និងប្រាប់ឲ្យមនុស្សម្នាចាកចេញសិន (Video inside)

26-08-2021 11:53

(កាប៊ុល)៖ សហរដ្ឋអាមេរិកបានព្រមានឱ្យហ្វូងមនុស្ស ដែលកំពុងប្រមូលផ្ដុំ និងព្យាយាមចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ត្រូវចាកចេញទៅរកន្លែងមានសុវត្ថិភាពជាបន្ទាន់ ក្រោយមានការព្រមានពីអង់គ្លេស និងអូស្ត្រាលីពីការវាយប្រហារភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសបាននាំគ្នាប្រមូលផ្ដុំនៅឯអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) ក្នុងរដ្ឋធានីកាប៊ុល ស្ថិតក្នុងក្ដីសង្ឃឹមថា នឹងបានចេញពីអាហ្វហ្កានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដូច្នេះថា ចូរកុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ហើយប្រសិនបើអ្នកនៅក្នុងតំបន់នៃអាកាសយានដ្ឋានេះ សូមទៅរកកន្លែងមានសុវត្ថិភាព រង់ចាំការជូនដំណឹងជាថ្មី»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់លម្អិតលើ ការព្រមានពីការវាយប្រហារភេរវកម្មខាងលើនៅឡើយទេ ខណៈក្រុមតាលីបង់បានអះអាងថា នឹងមិនអនុញ្ញាតឱ្យកងទ័ពបរទេស បន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន ហួសថ្ងៃទី៣១ ខែសីហានេះទេ។

យ៉ាងណាក៏ដោយ នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកនឹងធានាឲ្យការជម្លៀសជនជាតិខ្លួន និងដៃគូនានា ចេញពីទីក្រុងកាប៊ុលនៅតែអាចធ្វើទៅបាន បើទោះបីជាត្រូវហួសកាលកំណត់ក៏ដោយ។ គេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមតាលីបង់មានប្រតិកម្មបែបណាទៀតនៅឡើយទេ ជុំវិញការលើកចុងក្រោយដោយអាមេរិកបែបនេះ៕