(ស៉ីដនី)៖ មន្ទីរពេទ្យធំៗចំនួន ០២កន្លែងនៅភាគខាងលិចទីក្រុងស៉ីដនី (Sydney) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងខ្លួន Delta នៅប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានដំឡើងតង់នៅខាងក្រៅមន្ទីរពេទ្យជាច្រើន ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើងនៃអ្នកជំងឺ ខណៈទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត នៃវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
ស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី កំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ដោយករណីឆ្លងប្រចាំថ្ងៃ បានឈានដល់កំរិតខ្ពស់បំផុតហើយ សូម្បីតែបន្ទាប់ពីការដាក់ចេញនូវវិធានការបិទខ្ទប់ ដ៏តឹងរ៉ឹងអស់រយៈពេល ០២ខែហើយក៏ដោយ។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃពុធម្សិលមិញនេះ សមាគមវេជ្ជសាស្ត្រអូស្ត្រាលី (APA) បានថ្លែងថា មន្ទីរពេទ្យ វែសត៍មីដ (Westmead) និង ប្ល៊ែកថោន (Blacktown) កំពុងប្រឈមនឹងការកើនឡើងជាលំដាប់នៃអ្នកជំងឺ COVID-19 ដោយបង្ខំឱ្យក្រុមគ្រូពេទ្យផ្តល់ជម្រើសឱ្យអ្នកជំងឺ រង់ចាំនៅក្នុងរថយន្តសង្គ្រោះបន្ទាន់របស់ពួកគេ ឬ «រង់ចាំនៅខាងក្រៅជាមួយភ្លៀងធ្លាក់» ដោយសារតែការហូរចូលនៃអ្នកជំងឺ។
ក្រៅពីទីក្រុងស៊ីដនី ទីក្រុងធំបំផុតទី ២ របស់ប្រទេសអូស្រ្តាលីគឺមែលប៊ន (Melbourne) និងរដ្ឋធានី កង់ប៊េរ៉ា (Canberra) ក៏កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងផងដែរ ដោយបានដាក់ឱ្យប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុប ២៥លាននាក់របស់ប្រទេស ស្ថិតនៅក្រោមបទបញ្ជាឱ្យស្នាក់នៅផ្ទះយ៉ាងតឹងរ៉ឹងបំផុត។
រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី កំពុងជំរុញផែនការបើកប្រទេសឡើងវិញ នៅពេលអត្រាចាក់វ៉ាក់សាំងឈានដល់ ៧០-៨០ភាគរយ ប៉ុន្តែរដ្ឋខ្លះបានប្រកាសថា ពួកគេអាចនឹងមិនបន្ធូរបន្ថយវិធានការបិទខ្ទប់ទេ ប្រសិនបើទីក្រុងស៉ីដនី បរាជ័យក្នុងការគ្រប់គ្រងវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldomters រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៦,៧៤៣ករណី ក្នុងនោះមានអ្នកស្លាប់ ៩៨៦នាក់ និងអ្នកជាសះស្បើយ ៣២,៦១២នាក់។ ប្រហែល ៣២ភាគរយនៃប្រជាជនដែលមានអាយុលើសពី ១៦ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (០២ដូស) រួចរាល់ហើយ ខណៈជាង ៥៤ភាគរយទៀត បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស៕