(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,០៩៦ករណីបន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៣ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,២៩៤នាក់។
នៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៣៥នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៨១,៣៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦៩,៩២១នាក់ ខណៈចំនួនអ្នកស្លាប់ ៩,៣៤៩នាក់៕