Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍ UN៖ ក្រុមតាលីបង់ចូលលុកលុយ អគារមួយចំនួនរបស់ UN នៅអាហ្វហ្គានីស្ថាន

25-08-2021 17:39

(ញូយ៉ក)៖ របាយការណ៍ផ្ទៃក្នុងមួយរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលលុកលុយ និងឆែកឆេរអគារការិយាល័យមួយចំនួនរបស់ UN នៅអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

បន្ថែមពីនេះ បុគ្គលិក UN មួយចំនួនក៏ត្រូវបានក្រុមតាលីបង់ ហាមមិនឲ្យចាកចេញពីបរិវេណអគារផងដែរ ខណៈបុគ្គលិកដែលជាជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានហាមមិនឲ្យចូល។ លោក Liam McDowall អ្នកនាំពាក្យបេសកកម្មនយោបាយរបស់ UN ប្រចាំនៅអាហ្វហ្គានីស្ថាន បានឲ្យដឹងថា អគាររបស់ UN មិនត្រូវបានកាន់កាប់ដោយតាលីបង់ទេ ប៉ុន្តែលោកទទួលស្គាល់ថា អគារមួយចំនួន ដែលមិនមានបុគ្គលិកធ្វើការ គឺត្រូវបានចូលលុកលុយ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិមានបុគ្គលិកអន្តរជាតិ ៣០០នាក់ និងបុគ្គលិកជាជនជាតិអាហ្វហ្គានីស្ថាន៣,០០០នាក់ គិតត្រឹមពេលក្រុមតាលីបង់ដណ្តើមអំណាចបានសម្រេច កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ UN បានចាប់ផ្តើមផ្លាស់បុគ្គលិកប្រហែល១០០នាក់ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីបន្តការងារពីទីនោះវិញ៕