Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបញ្ជាក់ជំហរម្តងទៀតទៅកាន់ WHO អំពីការស៊ើបរកប្រភពដើមកូវីដ-១៩ និងទាមទារឲ្យស៊ើបអង្កេតលើអាមេរិកវិញ (Video inside)

25-08-2021 17:20

(ប៉េកាំង)៖ លោក ឈិន ស៊ូ (Chen Xu) អ្នកតំណាងអចិន្ត្រៃយ៍ចិន ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ (UN) ដែលស្ថិតនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស និងអង្គការអន្តរជាតិដទៃទៀត នៅថ្ងៃអង្គារសប្ដាហ៍នេះបានសរសេរសារទៅកាន់លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ដោយបញ្ជាក់ជាថ្មីម្ដងទៀតអំពីជំហររបស់ចិន ចំពោះបញ្ហាតាមដានរកប្រភពដើមនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

បើតាមការបញ្ជាក់ពីលោក Chen Xu គំនិតលើកឡើងដែលថា ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺ COVID-19 នៅក្នុងចំណោមមនុស្ស បានបណ្តាលមកពីការលេចធ្លាយវីរុស ចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន នៃប្រទេសចិននោះ «គឺពិតជាមិនអាចទៅរួចទេ»។

លោក Chen Xu បានគូសបញ្ជាក់បន្ថែមទៀតថា ប្រសិនបើភាគីខ្លះយល់ឃើញ ចំពោះសម្មតិកម្មដែលថា «វីរុសបានលេចធ្លាយចេញពីមន្ទីរពិសោធន៍» នោះ វាមានតែមន្ទីរពិសោធន៍ជីវសាស្រ្ត ហ្វត ដេទ្រីក (Fort Detrick) និងសាកលវិទ្យាល័យ ណត ខារ៉ូលីណា (North Carolina) សហរដ្ឋអាមេរិកទេ ដែលគួរតែស្ថិតនៅក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា ក្រោយលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកបានចេញបញ្ចេញឲ្យទីភ្នាក់ងារស៊ើបអង្កេតជាតិ ជំរុញការសិក្សាស្វែងយល់ឡើងវិញ អំពីប្រភពដើមនៃវីរុសកូរ៉ូណា។ ចំណាត់ការនេះត្រូវបានគេមើលឃើញថា មានចេតនាដាក់បន្ទុកលើប្រទេសចិនឲ្យទទួលខុសត្រូវ។ ប៉ុន្តែចិននៅតែរក្សាជំហររបស់ខ្លួនជានិច្ច ដោយទាមទារឲ្យអាមេរិក គោរពលទ្ធផលនៃស៊ើបអង្កេតលើកទី ១ នៅវូហាន ដោយក្រុមជំនាញ WHO និងកុំយកការស៊ើបរកប្រភពដើមវីរុសនេះ ទៅពាក់ព័ន្ធនឹងរឿងនយោបាយឲ្យសោះ៕