(កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកមិនអាចបញ្ជាក់បាននោះទេ អំពីសេចក្តីរាយការណ៍ព័ត៌មានដែលថា នាយកចារកម្មអាមេរិក CIA បានជួបជាមួយមេដឹកនាំមួយរូបរបស់តាលីបង់ ជាសម្ងាត់នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅរសៀលថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។
នៅពេលក្រុមអ្នកសារព័ត៌មាន សួរនាំពាក់ព័ន្ធនឹងសេចក្តីរាយការណ៍មួយ របស់សារព័ត៌មានអាមេរិក Washington Post ស្តីពីជំនួបជាសម្ងាត់រវាងនាយក CIA លោក វីលៀម ប៊ឺនស៍ (William Burns) និងមេដឹកនាំតាលីបង់ លោក អាប់ឌុល ហ្គានី បារ៉ាដា (Abdul Ghani Baradar) ដែលប្រព្រឹត្តទៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ចំពេលដែលសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន លោក Mujahid បានឆ្លើយតបថា «មិនមានការបញ្ជាក់ឲ្យច្បាស់បានទេថា ពិតជាមានជំនួបបែបនេះកើតឡើងមែន ឬក៏យ៉ាងណានោះ»។
ប៉ុន្តែនាឱកាសនោះ អ្នកនាំពាក្យខាងលើបានបញ្ជាក់រឿងផ្សេងវិញថា ក្រុមតាលីបង់កំពុងស្ថិតក្នុងការទំនាក់ទំនង ជាមួយស្ថានទូតបរទេសទាំងអស់ ដែលស្ថិតនៅទីក្រុងកាប៊ុល។ ចំណែកខាង CIA វិញ ក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអ្វី ជុំវិញសេចក្តីរាយការណ៍ព័ត៌មានអំពីជំនួបរវាងលោក William Burns និងលោក Baradar កាលពីថ្ងៃចន្ទ ទី២៣ ខែសីហានោះដែរ។
គួរបញ្ជាក់ថា ទាក់ទងនឹងប្រតិបត្តិការជម្លៀសខ្លួន ប្រធានាធិបតីអាមេរិក ទើបតែបានប្រកាសថា វានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ជាពេលវេលាកំណត់នៃការបញ្ចប់ ដែលអាមេរិកត្រូវដកកងទ័ពចេញឲ្យអស់ពីអាហ្វហ្គានីស្ថាន។ លោក ចូ បៃដិន នៅតែសម្រេចចិត្តបែបនេះ ទោះបីជាត្រូវរងសម្ពាធ និងការអំពាវនាវពីសម្ព័ន្ធមិត្ត ឲ្យពន្យារពេលក៏ដោយ៕