(វៀងចន្ទន៍)៖ ក្រសួងសុខាភិបាលឡាវនាថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៩៥២នាក់ ដែលជាតួលេខច្រើនបំផុតប្រចាំថ្ងៃ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលឡាវ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវៀងចន្ទន៍ថា ការធ្វើតេស្តរកអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៣,១២៧តេស្ត ត្រូវបានធ្វើឡើង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយលទ្ធផលចេញមកបង្ហាញថា មានករណីវិជ្ជមានចំនួន ៩៥២នាក់។
ក្នុងចំណោមករណីឆ្លងថ្មីៗ ដែលទើបរកឃើញខាងលើ មាន៥៩៤នាក់គឺជាករណីឆ្លងក្នុងសហគមន៍។ ក្នុងនោះទៀតសោត ៥៥១នាក់ ត្រូវបានរកឃើញ នៅខេត្តសុវណ្ណខេត្ត (Savannakhet), ២៩នាក់នៅខេត្តបរកែវ (Bokeo), ១១នាក់ នៅទីក្រុងវៀងចន្ទន៍ (Vientiane) ខណៈខេត្តវៀងចន្ទន៍ (Vientiane), ខេត្តចម្ប៉ាស័ក (Champasak), ខេត្តស័យៈបុរី (Xayaboury) មាន១ករណីដូចគ្នា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ឡាវមានករណីឆ្លងសរុបនៃ COVID-19 កើនដល់ចំនួន១៣,៩០៩នាក់ ក្នុងនោះមានអ្នកស្លាប់១១នាក់ និងជាសះស្បើយ៩,៥៣២នាក់៕