(ប៉េកាំង)៖ ពីថ្ងៃទី២៣ ដល់ ២៥ ខែសីហា ក្រុមឃោសនាអំពីគោលនយោបាយជាតិដែលបង្កើតឡើងដោយក្រសួងនិងស្ថាប័នជាតិផ្សេងៗ ក្នុងនោះបូករួមទាំង ការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកទេសព្រមទាំងធនាគារ ប្រជាជនចិនជាដើមបានធ្វើដំណើរទៅកាន់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរៀបចំសកម្មភាពឃោសនាមួយចំនួនអំពីគោលការណ៍សំខាន់នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤»។
ប្រការនេះនឹងមានអំណោយផលដល់ហុងកុងក្នុងការក្តាប់ជាប់យ៉ាងត្រឹមត្រូវនូវឱកាសអភិវឌ្ឍន៍នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤» និងរួមបញ្ចូលជាមួយសភាពការណ៍ ទូទៅនៃប្រទេសជាតិឱ្យបានកាន់តែល្អ។ គោលការណ៍សំខាន់នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤» នៃប្រទេសចិនបានសង្កត់ធ្ងន់ថាត្រូវពន្លឿនការបង្កើតនិម្មាបនកម្ម អភិវឌ្ឍន៍ថ្មីស្តីពីការចាត់ទុកដំណើរវិលជុំក្នុងស្រុកជាតួអង្គសំខាន់និងដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក។ ឥស្សរជនដែលចូលរួមសកម្មភាពឃោសនា មួយចំនួនបានសម្គាល់ឃើញថាក្នុងនិម្មាបនកម្មថ្មីបែបនេះ ហុងកុងគួរតែហើយក៏មានសមត្ថភាពក្លាយជា «អ្នកចូលរួម» ក្នុងដំណើរវិលជុំជាតិ និង «អ្នកជំរុញ» ដំណើរវិលជុំ អន្តរជាតិយ៉ាងសកម្ម ក្នុងន័យនាំមកនូវភាពរស់រវើកនិងកាលានុវត្តភាពដល់ការអភិវឌ្ឍរបស់ខ្លួន។
បើនិយាយចំពោះហុងកុង ឧត្តមភាពរបស់ទីផ្សារចិនដីគោក ដែលមានទ្រង់ទ្រាយធំធេងព្រម និងវិធានការមួយចំនួនសម្រាប់ពង្រីកតម្រូវការក្នុងស្រុក វានឹងនាំមកនូវ ផលប្រយោជន៍ដ៏សំខាន់ដល់ហុកុង។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ សហគ្រាសហុងកុងគួរក្តាប់ជាប់ឱកាសអភិវឌ្ឍន៍នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤» ជាពិសេស គួរឆ្លៀតឱកាសកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវដើម្បីចូលក្នុងទីផ្សារចិនដីគោកឱ្យបានកាន់តែល្អប្រសើរ។
ក្នុងនោះ ការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាបានជំរុញឱ្យតំបន់រដ្ឋបាលពិសេសហុងកុងរួមបញ្ចូលជាមួយការវិលជុំក្នុងស្រុកនៃសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស។ នាពេលអនាគត តំបន់ហុងកុងគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនដីគោកលើវិស័យជាច្រើន ដូចជា ការសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការកសាងមូលដ្ឋានវេទិកា ការបណ្តុះបណ្តាល ធនធានមនុស្សនិងការជំរុញការប្រែក្លាយការអនុវត្តវិទ្យាសាស្ត្រទៅជាសមិទ្ធផលជាក់ស្តែងជាដើមដើម្បីលើកកម្ពស់គុណភាពនៃការអភិវឌ្ឍរបស់ខ្លួន។
គោលការណ៍សំខាន់នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤» បានលើកឡើងថានឹងគាំទ្រហុងកុងក្នុងការលើកកម្ពស់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ ហើយពង្រឹងមុខងារជាមជ្ឈមណ្ឌលសេវាប្រាក់យាន់ចិននៅក្រៅដែន មជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រងហានិភ័យជាសកលជាដើម។ ប្រការទាំងនេះនឹងមានអំណោយផលដល់ឧស្សាហកម្មដែលមានឧត្តមភាពរបស់ហុងកុងដើរតួនាទីកាន់តែធំ ក្នុងដំណើរវិលជុំអន្តរជាតិ។
ព្រមពេលជាមួយគ្នានេះ គោលការណ៍សំខាន់នៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤» ក៏បានផ្តល់និយមន័យថ្មីដល់ហុងកុង ក្នុងនោះបូករួមទាំងគាំទ្រហុងកុងឱ្យលើកកម្ពស់ ឋានៈជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ កសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាអន្តរជាតិ និងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងកម្មសិទ្ធិបញ្ញា ក្នុងតំបន់ព្រមទាំង បង្កើតជាមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌និងសិល្បៈជាតិនិងអន្តរជាតិ។ វិធានការទាំងនេះពិតជានឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ហុងកុងជាមិនខាន។
ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃហុងកុងបានមើលឃើញយ៉ាងច្បាស់ថា ការអភិវឌ្ឍរបស់ហុងកុងចាំបាច់ត្រូវតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយមាតុប្រទេសការពឹងផ្អែកទៅលើ មាតុប្រទេស និងសម្លឹងមើលទៅរកពិភពលោកគឺជាគន្លឹះនៃភាពជោគជ័យរបស់ហុងកុង។ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤» បានបង្កើតជាវេទិកាសម្រាប់ឱ្យហុងកុង ដើរតួនាទីកាន់តែធំនៅលើផ្ទៃអន្តរជាតិ៕